លក្ខណៈសម្បត្តិនៃទូរស័ព្ទ Lenovo Legion Y90 ត្រូវបានបែកធ្លាយតាមរយៈរូបភាព Screenshot
យើងធ្លាប់លេចលឺ ក៏ដូចជាធ្លាប់បានដឹងពីព័ត៌មានមួយចំនួនរួចមកហើយដែលទាក់ទងអំពីទូរស័ព្ទ Gaming ថ្មីរបស់ក្រុមហ៊ុន Lenovo គឺទូរស័ព្ទ Lenovo Legion Y90 ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ (ចុចលើតំណភ្ជាប់ទីមួយ និងទីពីរ ដើម្បីអានអត្ថបទទាក់ទង)។ ទូរស័ព្ទ Lenovo Legion Y90 អាចនឹងក្លាយជាទូរស័ព្ទ Gaming ដែលមានលក្ខណៈសម្បត្តិខ្លាំងមួយនៅក្នុងទីផ្សារទូរស័ព្ទដៃ នេះបើយោងតាមរបាយការណ៍មួយចំនួនដែលយើងទទួលបាន។
នាពេលថ្មីៗនេះ រូបភាព Screenshot ពីរសន្លឹកក៏បានលាតត្រដាងពីលក្ខណៈសម្បត្តិស្ទើរតែទាំងអស់របស់ទូរស័ព្ទមួយនេះផងដែរ ដែលបើយោងទៅតាមរូបភាពខាងក្រោមវាបានបង្ហាញពីទំហំអង្គផ្ទុកទិន្នន័យ 640GB និងទំហំរ៉េមរហូតដល់ទៅ 22GB បូករួមជាមួយនឹងកម្លាំងថាមពលថ្មដែលមានធំផងដែរ។
| រូបភាព Screenshot ទី១ |
ដូចទៅនឹងរូបភាពខាងលើដែលបានបង្ហាញ ទូរស័ព្ទ Lenovo Legion Y90 នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 ជំនាន់ទី១ និងប្រើប្រាស់ជាមួយប្រភេទអង្គផ្ទុកទិន្នន័យ UFS 3.1 +SSD ដែលមានន័យថា វាមានទំហំអង្គផ្ទុកទិន្នន័យ 512GB បូកផ្សំជាមួយនឹងទំហំអង្គផ្ទុកទិន្នន័យ 128GB បន្ថែមទៀត ដែលចេញពី SD Card។
ចំណែកឯទំហំរ៉េមវិញ ទូរស័ព្ទដៃមួយនេះនឹងបំពាក់មកជាមួយនឹងទំហំរ៉េម 18GB ជាប្រភេទ LPDDR5 ដែលបានបំពាក់មកស្រាប់ ចំណែកទំហំរ៉េមបូកបន្ថែម 4GB ទៀត គឺយកចេញពីទំហំអង្គផ្ទុកទិន្នន័យរបស់ទូរស័ព្ទផ្ទាល់។
សម្រាប់អេក្រង់ទូរស័ព្ទវិញ ទូរស័ព្ទដៃ Gaming Lenovo Legion Y90 នឹងប្រើប្រាស់ជាមួយប្រភេទបន្ទះអេក្រង់ OLED ដែលមានល្បឿនអូសអេក្រង់ 144Hz និងល្បឿនប៉ះបញ្ជា (Touch Sampling Rate) រហូតដល់ទៅ 720Hz។ ចំពោះកម្លាំងថាមពលថ្ម ទូរស័ព្ទដៃមួយនេះបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,600 mAh ដែលអាចគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 68W ផងដែរ។
រូបភាពមួយនោះ ក៏បានបង្ហាញពីមុខងារបញ្ចេញសម្លេង Dolby Atmos បូករួមជាមួយនឹងកង្ហារបន្សាបកម្តៅ (Fancy Cooling) នៅពេលលេងហ្គេមផងដែរ។
| រូបភាព Screenshot ទី២ |
និយាយពីសីតុណ្ហភាព នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lenovo បានអះអាងថា ទូរស័ព្ទមួយនេះ អាចដាក់ Stand-by ចោលក្នុងរយៈពេល ៨ ថ្ងៃ ជាមួយនឹងសីតុណ្ហភាពថេរ ១៩ អង្សារសេ នឹងចំណាយកម្លាំងថាមពលថ្មត្រឹមតែ ២២% ប៉ុណ្ណោះ។
យើងបានដឹងពីលក្ខណៈសម្បត្តិ និងការរចនារូបរាងរបស់ទូរស័ព្ទមួយនេះរួចមកហើយ ប៉ុន្តែសម្រាប់ការដាក់ចេញលក់ជាផ្លូវការវិញ យើងមិនទាន់អាចដឹងបានទេថាក្រុមហ៊ុន Lenovo នឹងធ្វើការដាក់លក់តែនៅក្នុងទីផ្សារប្រទេសចិន ឬក៏វាអាចនឹងមកដល់ក្នុងទីផ្សារសកល៕
ប្រភព÷ GSMArena
Post a Comment