ស្ងាត់ៗ ក្រុមហ៊ុន Lenovo ត្រៀមនឹងដាក់បញ្ចេញទូរស័ព្ទដៃ Gaming ជំនាន់ថ្មីរបស់ខ្លួនដែលមានល្បឿនអូសអេក្រង់រហូតទៅដល់ 144Hz

សប្ដាហ៍ដំបូងនៃខែមករា ឆ្នាំ២០២២ អាចជាខែ ក៏ដូចជាឆ្នាំដែលមមាញឹកបំផុតសម្រាប់ការដាក់បញ្ចេញទូរស័ព្ទម៉ូដែលថ្មីៗរបស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃល្បីៗទាំងអស់នៅជុំវិញពិភពលោក។ តួយ៉ាងគឺក្រុមហ៊ុន Realme, Vivo និង Xiaomi ដែលក្រុមហ៊ុនទាំងនោះកំពុងតែរៀបចំសម្រាប់ព្រឹត្តិការណ៍ដាក់បង្ហាញទូរស័ព្ទដៃ ឬផលិតផលបច្ចេកវិទ្យាជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី០៤ ទី០៥ និងទី០៦ ដែលត្រូវនឹងខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

ឥឡូវនេះក្រុមហ៊ុន Lenovo ក៏បានប្រកាសផងដែរថា សម្រាប់ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ខ្លួនក៏មានអាវុធបច្ចេកវិទ្យាថ្មី (ទូរស័ព្ទ) ត្រៀមដាក់នៅក្នុងសមរភូមិប្រយុទ្ធនឹងក្រុមហ៊ុនផលិតទូរស័ព្ទដ៏ទៃទៀតផងដែរ នោះគឺទូរស័ព្ទ Lenovo Legion Y90 ដែលនឹងបំពាក់មកជាមួយល្បឿនអូសអេក្រង់ Refresh Rate រហូតដល់ទៅ 144Hz និងបន្ថែមពីនេះ វាក៏ភ្ជាប់មកជាមួយកង្ហារបន្សាបកម្តៅ (dual-engine air-cooling) ចំនួនពីរគ្រាប់ផងដែរ។

ទូរស័ព្ទ Gaming ពិឃាតរបស់ក្រុមហ៊ុន Lenovo មួយនេះនឹងបំពាក់មកជាមួយអេក្រង់ AMOLED ទំហំ 6.92អុីញ ដែលអាចគាំទ្របច្ចេកវិទ្យា HDR និងដូចដែលបានលើកឡើងពីខាងលើ ទូរស័ព្ទ Lenovo Legion Y90 នឹងបំពាក់មកជាមួយល្បឿនអូសអេក្រង់ 144Hz បូករួមជាមួយនឹងល្បឿនប៉ះបញ្ជា (Touch Sampling Rate) 720Hz ផងដែរ។

រូបភាពទូរស័ព្ទ Lenovo Legion 2 Pro


ក្រុមហ៊ុន Lenovo មិនបានធ្វើការបង្ហាញពីកម្លាំងម៉ាស៊ីន ក៏ដូចជាលក្ខណៈសម្បត្តិរបស់ទូរស័ព្ទមួយនេះច្រើននោះទេ ក៏ប៉ុន្តែបើយោងតាមរូបភាពដែលត្រូវបានបង្ហោះដោយបុគ្គលិករបស់ក្រុមហ៊ុន Lenovo នៅក្នុងគេហទំព័រ Weibo បានបង្ហាញថា កង្ហារបន្សាបកម្តៅ Cooling System ដែលនឹងបំពាក់មកជាមួយទូរស័ព្ទ Lenovo Legion Y90 មួយនេះ អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការលេងហ្គេមបានក្នុងល្បឿនរហូតដល់ទៅ 120fps ដោយមិនឡើងកម្តៅ បើទោះបីជាលេងហ្គេមចាប់ពី 20-30 នាទីក៏ដោយ។

សម្រាប់ថ្ងៃបញ្ចេញជាផ្លូវការវិញ ក្រុមហ៊ុន Lenovo នឹងដាក់បញ្ចេញទូរស័ព្ទ Gaming របស់ខ្លួននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដែលជាការចាប់ផ្តើមដំបូងគេនៃយុគ្គិសម័យបច្ចេកវិទ្យាថ្មី សម្រាប់ឆ្នាំ២០២២ ផ្ទាល់តែម្តង៕


ប្រភព: GSMArena

Post a Comment

To Top