ទីបំផុត កម្មវិធី Play Store អាចអនុញ្ញាតឱ្យអ្នកទាញយកហ្គេមនៅលើ Windows បានហើយ
មួយរយៈកន្លងមកនេះ យើងធ្លាប់ទទួលបាននូវព័ត៌មានមួយចំនួនដែលបង្ហាញពីការអនុញ្ញាតឱ្យទាញយកកម្មវិធីពី Play Store ទៅកាន់កុំព្យូទ័រ ឬ លេបថតដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)។
ឥឡូវនេះ ក្រុមហ៊ុន Google បានដាក់ឱ្យដំណើរនូវមុខងារមួយនេះ នៅក្នុងប្រទេសមួយចំនួនរួចស្រេចទៅហើយ ដោយអ្នកដែលរស់នៅក្នុងប្រទេសទាំងអស់នោះ នឹងអាចទទួលយកបទពិសោធន៍ថ្មីនៃការទាញយក និងលេងហ្គេមពី Play Store នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows។
ក្រុមហ៊ុន Google មិនបាននិយាយអ្វីបន្ថែមពីមុខងារទាញយកហ្គេម ឬ កម្មវិធីរបស់ទូរស័ព្ទដៃមកកាន់ប្រព័ន្ធប្រតិបត្តិការ Windows នេះនោះទេ ប៉ុន្តែបើយោងតាមអ្នកប្រើប្រាស់ដែលអាចសាកល្បងទទួលយកនូវបទពិសោធន៍នេះ បានឱ្យដឹងថា មុខងារមួយនេះមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើអ្វីច្រើននោះទេ ដោយអ្នកគ្រាន់តែចុចនៅលើប៊ូតង់ “Download on Windows” ដើម្បីទាញយកកម្មវិធី ឬ ហ្គេមជាការស្រេច។
ដូចទៅនឹងអត្ថបទមុនដែលយើងធ្លាប់ចេញផ្សាយ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង) មុខងារនេះមាននៅតែក្នុងប្រទេសចំនួនបីប៉ុណ្ណោះ ដែលមានប្រទេសកូរ៉េខាងត្បូង ហុងកុង និងកោះតៃវ៉ាន់ ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនបាននិយាយថា ពួកគេបានទទួលនូវមុខងារនេះដែរ បើទោះបីជាពួកគេមិនបានរស់នៅក្នុងចំណោមប្រទេសបីខាងលើនេះក៏ដោយ ដែលជារឿងស្រពិចស្រពិលមួយត្រង់ចំណុចនេះ។
បន្ថែមពីនេះ ក្រុមហ៊ុន Google ក៏បានធ្វើការស្នើសុំទៅកាន់អ្នកបង្កើតហ្គេម (Developers) ឱ្យសម្រួលដល់ហ្គេមរបស់ពួកគេ ដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់ឱ្យអ្នកលេងហ្គេម អាចលេងដោយប្រើ Mouse និង Keyboard បាន៕
ប្រភព÷ GSMArena
Post a Comment