ក្រុមហ៊ុន Google នឹងនាំយកហ្គេមនៅក្នុងទូរស័ព្ទ Android ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ

ដូចដែលយើងបានដឹងកន្លងមកហើយថា កម្មវិធី ឬហ្គេមរបស់ Android មិនអាចធ្វើការប្រើប្រាស់នៅក្នុង Windows បានដោយផ្ទាល់នោះទេ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Google បានបង្ហើបថា ខ្លួនគ្រោងនឹងនាំយកហ្គេមដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows ឱ្យបាននៅឆ្នាំក្រោយនេះ។

កម្មវិធី Google Play Games នឹងមាននៅក្នុងឆ្នាំ២០២២ សម្រាប់ Windows ដើម្បីអនុញ្ញាតឱ្យកុំព្យូទ័រយួរដៃ ថេប្លេត និងកុំព្យូទ័រទាំងឡាញណា ដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Windows អាចធ្វើការលេងហ្គេមដែលមាននៅក្នុងទូរស័ព្ទ Android បាន។

បើយោងតាមពាក្យសម្តីរបស់នាយកផលិតផលប្រចាំក្រុមហ៊ុន Google គឺលោក Greg Hartrell បាននិយាយថា÷ “ចាប់ពីឆ្នាំ២០២២តទៅ អ្នកលេងហ្គេមនឹងអាចទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការលេងហ្គេមដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android នៅក្នុងកុំព្យូទ័រយួរដៃ កុំព្យូទ័រ ឬថេប្លេតដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows បានហើយ”

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google គឺលោក Alex Garcia-Kummert បានថ្លែងប្រាប់ The Verge ថាក្រុមហ៊ុនបានបង្កើតនូវកម្មវិធីនេះដោយខ្លួនឯង ដោយក្រុមហ៊ុន Google មិនបានចាប់ដៃគូរសហការជាមួយក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុន BlueStacks ឡើយ (BlueStacks គឺជាកម្មវិធីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows អាចទាញយកហ្គេម និងកម្មវិធីដែលមាននៅក្នុងទូរស័ព្ទដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android បាន)៕


ប្រភព: The Verge

Post a Comment

To Top