គម្រោងមានការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Netflix នឹងមកដល់នៅខែវិច្ឆិកាខាងមុខនេះ
យើងធ្លាប់ទទួលបាននូវព័ត៌មានជាច្រើនកន្លងមកហើយ ដែលទាក់ទងទៅនឹងគម្រោងមានការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Netflix (ចុចលើតំណភ្ជាប់នេះ សម្រាប់អត្ថបទទាក់ទង) ហើយឥឡូវក្រុមហ៊ុន Netflix បានប្រកាសពីកាលបរិច្ឆេទពិតប្រាកដនៃការបញ្ចេញគម្រោងមួយនេះហើយ។
គម្រោងដែលមានតម្លៃទាបគួបផ្សំជាមួយនឹងការផ្សាយពាណិជ្ជកម្មនឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០៣ ខែវិច្ឆិកា នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ជាមួយនឹងតម្លៃ $7/ខែ។
គម្រោងថ្មីនេះដែរ នឹងដាក់ឱ្យប្រើប្រាស់ដំបូងនៅក្នុងប្រទេសចំនួន ១២ ដែលមាន សហរដ្ឋ អាមេរិក ចក្រភព អង់គ្លេស អូស្ត្រាលី ប្រេស៊ីល កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ម៉ិកស៊ិក កូរ៉េខាងត្បូង និង អេស្ប៉ាញ។
នៅក្នុងគម្រោងមានការផ្សាយពាណិជ្ជកម្មនេះ អ្នកប្រើប្រាស់អាចនឹងត្រូវទស្សនាពាណិជ្ជកម្មប្រមាណពី ៤ ទៅ ៥ នាទីនៅក្នុងរយៈពេលមើលខ្សែភាពយន្ត ឬ កម្មវិធីទូរទស្សន៍នៅក្នុងកម្មវិធី Netflix បានមួយម៉ោង។
បន្ថែមពីនេះ អ្នកមិនអាចទស្សនាគ្រប់កម្មវិធីទូរទស្សន៍ ឬ ខ្សែភាពយន្តដែលមានក្នុងកម្មវិធី Netflix បានទាំងអស់នោះទេ ដោយកម្មវិធីចាក់ផ្សាយមួយចំនួននឹងត្រូវបានហាមឃាត់សម្រាប់អ្នកប្រើប្រាស់គម្រោងមួយនេះ។ ម្យ៉ាងវិញទៀត អ្នកអាចស្រ្ទីមខ្សែភាពយន្ត ឬ កម្មវិធីទូរទស្សន៍បានត្រឹមតែក្នុងកម្រិត 720p/HD ប៉ុណ្ណោះ៕
ប្រភព៖ Engadget
Post a Comment