គម្រោងមានការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Netflix អាចនឹងមានតម្លៃចន្លោះពី $7 ទៅ $9

គម្រោងមានការផ្សាយពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន Netflix គឺជាការបញ្ចុះតម្លៃលើគម្រោងដែលខ្លួនមាន សម្រាប់អ្នកប្រើប្រាស់ដែលត្រូវការការចំណាយតិច។ បើយោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនស្រ្ទីមយក្សមួយនេះ នឹងកំណត់តម្លៃលើគម្រោងដែលមានការផ្សាយពាណិជ្ជកម្មថ្មីរបស់ខ្លួន ចន្លោះពី $7 ទៅ $9។


សម្រាប់គម្រោងធម្មតារបស់ក្រុមហ៊ុន Netflix វិញ មានតម្លៃ $10/ខែ ប៉ុន្តែពុំមានបញ្ចូលជាមួយនឹងការស្ទ្រីមវីដេអូក្នុងកម្រិត HD នោះទេ។ បើសិនជាអ្នកប្រើប្រាស់ ចង់បានការស្ទ្រីមវីដេអូក្នុងកម្រិត 4K នោះពួកគេនឹងត្រូវចំណាយប្រាក់ប្រមាណជាជាង $20 សម្រាប់គម្រោងមួយនេះក្នុងរយៈពេល 30 ថ្ងៃ។


គម្រោងមានការផ្សាយពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន Netflix អាចនឹងមកដល់នៅមុនដំណាច់ឆ្នាំនេះ ដែលក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យប្រើប្រាស់ទូលំទូលាយនៅក្នុងឆ្នាំ២០២៣។ 


សារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុន Netflix ចង់ជៀសវាងពីការត្អូញត្អែររបស់អ្នកប្រើប្រាស់ដែលបានកើតមានជាញឹកញាប់ ដែលទាក់ទងទៅនឹងការពុំមាននូវគម្រោងមានការផ្សាយពាណិជ្ជកម្មដែលមានតម្លៃធូរថ្លៃ។


ដំបូង ក្រុមហ៊ុន Netflix ចង់ធ្វើការដាក់ផ្សាយពាណិជ្ជកម្មត្រឹមតែរយៈពេល 4 នាទីនៅក្នុងការស្រ្ទីមរយៈពេល 1 ម៉ោងប៉ុណ្ណោះ និងមិនមានការចាក់ផ្សាយពាណិជ្ជកម្មនៅពេលចប់ការស្រ្ទីមនោះទេ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចនឹងឃើញការផ្សាយពាណិជ្ជកម្មប្លែកៗច្រើន ដោយសារតែក្រុមហ៊ុន មិនចង់ឱ្យមានការផ្សាយពាណិជ្ជកម្មដដែលៗនោះទេ៕


ប្រភព៖ Engadget

Post a Comment

To Top