ក្រុមហ៊ុន Telegram បានបញ្ជាក់ហើយថា គម្រោង Premium Tier នឹងមកដល់នៅក្នុងខែនេះ ជាមួយមុខងារបន្ថែម

កាលពីខែមុន ពាក្យចចាមអារ៉ាមមួយចំនួនត្រូវបានលើកយកមកនិយាយនៅពាសពេញបណ្តាញអ៊ីនធឺរណិតអំពីគម្រោងបង់ប្រាក់របស់កម្មវិធី Telegram (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង) ហើយនៅថ្ងៃនេះផ្ទាល់ នាយកប្រតិបត្តិរបស់កម្មវិធី Telegram លោក Pavel Durov បានបញ្ជាក់ថា រឿងនេះនឹងកើតមានឡើងមែន។

គម្រោង Telegram Premium នឹងដាក់ឱ្យប្រើប្រាស់នៅមុនខែកក្កដានេះ ហើយអ្វីដែលអ្នកមិនគួរបារម្ភនោះ គឺមុខងារដែលប្រើប្រាស់បានដោយឥតគិតថ្លៃ នឹងនៅតែមានដដែល និងបន្ថែមពីនេះ មុខងារដែលអាចប្រើប្រាស់បានដោយឥតគិតថ្លៃក៏អាចនឹងនាំយកមកបន្ថែមនាពេលអនាគតផងដែរ។


លោក Durov បាននិយាយថា គម្រោង Telegram Premium នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានមុខងារប្រើប្រាស់លឿន និងសម្បូរបែប ដោយបន្ថែមពីនេះ វាក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការគាំទ្រកម្មវិធី Telegram និងចូលរួមជាមួយនឹងក្លឹបដើម្បីទទួលបានមុខងារថ្មីៗមុនគេផងដែរ។


ចំពោះអ្នកប្រើប្រាស់ដែលមិនភ្ជាប់គម្រោងបង់ប្រាក់ ក៏នៅតែមានឱកាសនៅក្នុងការទទួលបាននូវបទពិសោធន៍ប្រើប្រាស់ដូចជាការអាចមើលលើឯកសារ និង Media ដែលមានទំហំធំ, រូបស្ទីកឃ័រដែលផ្ញើដោយអ្នកប្រើប្រាស់គម្រោង Premium និងការចុច Reaction របស់គម្រោង Premium ជាដើម៕


ប្រភព៖ GSMArena

Post a Comment

To Top