មុខងារ Magic Eraser នៅក្នុងទូរស័ព្ទ Pixel 6 កំពុងធ្វើឱ្យកម្មវិធី Google Photos គាំង

មុខងារ Magic Eraser ឬ Magic Eraser Tool គឺជាមុខងារថ្មីមួយរបស់ក្រុមហ៊ុន Google ដែលប្រើសម្រាប់លុបនូវវត្ថុ ឬ មនុស្សនៅផ្ទៃខាងក្រោយចេញ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)។ បើទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា ពួកគេបានជួបប្រទះទៅនឹងបញ្ហាជាប់គាំងនៅក្នុងកម្មវិធី Google Photos នៅពេលដែលពួកគេប្រើប្រាស់នូវមុខងារមានប្រយោជន៍មួយនេះ។


បញ្ហានេះ ត្រូវបានចែករំលែកនៅក្នុងកម្មវិធីបណ្តាញសង្គម Reddit និង Twitter ហើយគេហទំព័រ Android Police ក៏បានកត់សម្គាល់នូវចំណុចមួយចំនួនផងដែរថា បើទោះបីជាអ្នកប្រើប្រាស់ព្យាយាមលុប Caches ពីកម្មវិធី Google Photos ឬក៏ពួកគេព្យាយាមបិទ និងបើកទូរស័ព្ទរបស់ពួកគេយ៉ាងណាក្តី ក៏បញ្ហាមួយនេះនៅតែបន្តកើតមានឡើងដដែលដែរ។

អ្នកប្រើប្រាស់ទូរស័ព្ទ Google Pixel ក៏ធ្លាប់បានជួបប្រទះនូវបញ្ហាផ្សេងៗដែលធ្លាប់កើតមានកន្លងទៅនៅលើមុខងារ Magic Eraser និង Google Photos ផងដែរ ដោយកាលពីខែវិច្ឆិកា កំណែអាប់ដេតមួយរបស់ Google បានច្រឡំធ្វើការលុបនូវមុខងារមួយនេះចេញដោយចៃដន្យ ប៉ុន្តែក្រុមហ៊ុន Google បានចេញវិធានការដោះស្រាយបានភ្លាមៗ។ 

សារព័ត៌មានក៏ដូចជាប្លុក Engadget ក៏បានធ្វើការសាកសួរទៅកាន់ក្រុមហ៊ុន Google អំពីដំណោះស្រាយនៃបញ្ហាខាងលើផងដែរ ហើយថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការឆ្លើយតបនៅក្នុងកម្មវិធីបណ្តាញសង្គម Reddit ថា÷ “អរគុណសម្រាប់ការរង់ចាំចំពោះដំណោះស្រាយនៃបញ្ហានេះ ក្រុមការងាររបស់យើងបាននឹងកំពុងដោះស្រាយ និងកែប្រែនូវកំហុសនៃបញ្ហានេះហើយ ដូច្នេះសូមធ្វើកំណែអាប់ដេតកម្មវិធី Google Photos ទៅកាន់ជំនាន់ចុងក្រោយបង្អស់ នៅក្នុងកម្មវិធី Play Store របស់អ្នក”៕


ប្រភព÷ Engadget

Post a Comment

To Top