ក្រុមហ៊ុន Apple បានលើកថ្ងៃដាក់បង្ហាញផលិតផលរបស់ខ្លួនទៅថ្ងៃទី០៩ ខែមីនា វិញ

បើយោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងពន្យារពេលក្នុងការរៀបចំព្រឹត្តិការណ៍ប្រកាសពីផលិតផលរបស់ខ្លួនទៅថ្ងៃទី០៩ ខែមីនា វិញ។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា អាចនឹងដាក់បង្ហាញនូវ Hardware ថ្មីៗមួយចំនួនដែលមានដូចជា ទូរស័ព្ទម៉ូដែល SE ជំនាន់ថ្មី, បច្ចេកវិទ្យា 5G បូករួមជាមួយ iPad Air និង Mac Mini ជំនាន់ថ្មី។

បន្ថែមពីនេះ ក្រុមហ៊ុន Apple អាចនឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការ IOS 15.4 ជាសារធារណៈ នៅក្នុងអំឡុងឆមាសទីមួយនៃខែមីនា ទៀតផង (ប្រព័ន្ធប្រតិបត្តិការ IOS 15.4 នាពេលឥឡូវនេះ គឺជាជំនាន់សាកល្បង)។ ប្រព័ន្ធប្រតិបត្តិការ IOS 15.4 នឹងនាំមកជាមួយមុខងារមួយចំនួនដូចជា អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការដោះសោទូរស័ព្ទដោយពាក់ម៉ាស់តាមរយៈ Face ID បាន (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង), មុខងារ Universal Control និងឈុត emojis ថ្មីៗជាដើម។

សម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខរបស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Apple អាចនឹងដាក់បង្ហាញទូរស័ព្ទម៉ូដែល iPhone SE ស៊េរីថ្មី ដែលមានការរចនារូបរាងដូចគ្នាទៅនឹងទូរស័ព្ទ iPhone SE ដែលចេញកាលពីឆ្នាំ២០២០ បូករួមជាមួយកាមេរ៉ាដែលទទួលបានការធ្វើកំណែទម្រង់ថ្មី និងការបំពាក់មកជាមួយបន្ទះឈីបថ្មីដែលមានបំពាក់មកជាមួយបច្ចេកវិទ្យា 5G ផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុន Apple អាចនឹងដាក់បញ្ចេញ iPad ជំនាន់ថ្មី ដែលនឹងបំពាក់មកជាមួយបន្ទះឈីប A15 Bionic ដែលអាចទ្រទ្រង់សេវា 5G និងមានអេក្រង់ 10.9អុីញ។ ដូចដែលបានបង្ហើបពីខាងលើ កំព្យូទ័រយួរដៃ Mac Mini ក៏នឹងលេចខ្លួនជាមួយបន្ទះឈីបថ្មីផងដែរ ដែលមានដូចជាបន្ទះឈីប M1 Pro, M1 Max ឬអាចជាបន្ទះឈីប M2 ផងដែរ៕


ប្រភព÷ GSMArena

Post a Comment

To Top