កំណែអាប់ដេត IOS 15.4 beta ថ្មីអាចអនុញ្ញាតឱ្យអ្នកស្កេនមុខ Face ID ដោយពាក់ម៉ាសបាន
បន្ទាប់ពីបញ្ចេញកំណែអាប់ដេត IOS 15.3 បានប៉ុន្មានថ្ងៃ ឥឡូវនេះ ក្រុមហ៊ុន Apple បានបញ្ចេញនូវកំណែអាប់ដេត IOS 15.4 ជំនាន់សាកល្បងបន្ថែម ដោយបានធ្វើការកែប្រែទៅលើចំណុចដែលខ្វះខាត និងបន្ថែមនូវមុខងារមួយចំនួន។
ក្នុងចំណោមមុខងារថ្មីទាំងអស់នោះ ក៏មាននូវមុខងារមានប្រយោជន៍មួយផងដែរ ដែលជាមុខងារអនុញ្ញាតឱ្យម្ចាស់ទូរស័ព្ទដៃ iPhone អាចធ្វើការដោះសោដោយការស្កេនមុខ Face ID បានដោយមិនបាច់ដោះម៉ាស។
មុខងារមានប្រយោជន៍មួយនេះ អាចសម្រួលដល់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ឱ្យមានភាពងាយស្រួលជាងមុនបាន ដោយមិនតម្រូវឱ្យអ្នកប្រើប្រាស់ដោះម៉ាស ឬ ក៏ប្រើប្រាស់ Apple Watch សម្រាប់ដោះសោដូចកាលពីមុនទៀតនោះទេ។
ក្រុមហ៊ុន Apple ក៏បានពន្យល់ពីមុខងារនេះទៅកាន់អ្នកប្រើប្រាស់របស់ខ្លួនផងដែរ ដោយប្រាប់អ្នកប្រើប្រាស់កុំឱ្យមានការបារម្ភចំពោះប្រព័ន្ធសុវត្ថិភាព ដោយមុខងារនេះនឹងធ្វើការចាប់យកការសម្គាល់ជុំវិញភ្នែករបស់អ្នក ជំនួសឱ្យការស្កេនមុខទាំងមូល។
ចាប់ពីពេលនេះតទៅ អ្នកប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុន Apple ដែលអាចគាំទ្រជាមួយប្រព័ន្ធសុវត្ថិភាពដោះសោ Face ID អាចធ្វើការដោះសោបានដោយពុំចាំបាច់ទាញម៉ាសចុះមកក្រោមឡើយ ដែលជួយការពារអ្នកប្រើប្រាស់ពីការឆ្លងជំងឺកូវីត-១៩ ឬ ជំងឺដែលកំពុងរាតត្បាតនាពេលថ្មីៗកន្លងទៅនេះ៕
ប្រភព÷ Engadget
Post a Comment