ច្បាស់ការហើយ!! ក្រុមហ៊ុន Samsung នឹងដាក់បញ្ចេញបន្ទះឈីប Exynos 2200 ជាមួយនឹងទូរស័ព្ទត្រកូល S22
បើតាមគម្រោងនៃការគ្រោងទុករបស់ក្រុមហ៊ុន Samsung ពួកគេគ្រោងនឹងដាក់បង្ហាញបន្ទះឈីប Exynos 2200 នាថ្ងៃម្សិលមិញនេះឯង ប៉ុន្តែអ្វីៗមិនបានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុកនោះទេ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)។
យ៉ាងណាម៉ិញ នៅថ្ងៃនេះផ្ទាល់ ក្រុមហ៊ុន Samsung បានធ្វើការទាក់ទងទៅកាន់ Business Korea ដើម្បីបញ្ជាក់ពីហេតុផលនៅពីក្រោយការមិនបានដាក់បញ្ចេញបន្ទះឈីបរបស់ខ្លួនតាមថ្ងៃកំណត់ ដោយក្រុមហ៊ុន Samsung បាននិយាយថា គ្រាប់យ៉ាងគឺប្រព្រឹត្តទៅដោយល្អទាំងអស់ ហើយពួកយើងក៏មិនបានជួបនូវបញ្ហានៃការផលិតអ្វីដែរ ផ្ទុយទៅវិញយើងនឹងដាក់បញ្ចេញបន្ទះឈីបថ្មីស្របជាមួយនឹងទូរស័ព្ទត្រកូល S22 ផ្ទាល់តែម្តង។
ដូចទៅនឹងអត្ថបទមុនដែលយើងបានបញ្ជាក់ថា ជាធម្មតាក្រុមហ៊ុន Samsung តែងតែបញ្ចេញបន្ទះឈីប Exynos ជំនាន់ថ្មីរបស់ខ្លួនមុនទូរស័ព្ទត្រកូល S ចំនួនពីរថ្ងៃ ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ ក្រុមហ៊ុន Samsung បានសម្រេចចិត្តបញ្ចេញសមិទ្ធផលរបស់ខ្លួនទាំងពីរព្រមគ្នានៅក្នុងថ្ងៃតែមួយវិញម្តង។
បន្ទះឈីប Exynos 2200 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នឹងក្លាយជាបន្ទះឈីបទូរស័ព្ទដំបូងគេបង្អស់ដែលបំពាក់មកជាមួយស្ថាបត្យកម្ម RDNA2 របស់ក្រុមហ៊ុន AMD (AMD's RDNA2 architecture) ហើយវាក៏ក្លាយជាបន្ទះឈីបដំបូងគេបង្អស់ដែលទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា Ray Tracing ផងដែរ។
ក្រុមហ៊ុន Samsung មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការដាក់បញ្ចេញទូរស័ព្ទត្រកូល S22 ជាផ្លូវការនោះទេ ប៉ុន្តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េបានរាយការណ៍ថា ទូរស័ព្ទត្រកូល S22 អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី០៨ ខែកុម្ភៈ ខាងមុខនេះ៕
ប្រភព÷ GSMArena
Post a Comment