ច្បាស់ការហើយ!! ទូរស័ព្ទដែលអាចបត់បានរបស់ក្រុមហ៊ុន Honor នឹងមកដល់នៅថ្ងៃទី១០ ខែមករានេះ

បន្ទាប់ពីបានលេចលឺពីព័ត៌មាន នៃការគ្រោងនឹងមកដល់របស់ទូរស័ព្ទអេក្រង់បត់ Honor Magic V កាលពីឆ្នាំមុនមក (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអាន)។

ឥឡូវនេះ ក្រុមហ៊ុន Honor បានសម្រេចចិត្តបើកទំព័របច្ចេកវិទ្យាថ្មីនៃដើមឆ្នាំ២០២២ នេះ ដោយខ្លួនបានប្រកាសចេញពីថ្ងៃបរិច្ឆេទពិតប្រាកដនៃការមកដល់របស់ទូរស័ព្ទដែលអាចបត់បានដំបូងបង្អស់របស់ខ្លួន ពោលទូរស័ព្ទអេក្រង់បត់នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១០ ខែមករា នេះឯង។

នៅថ្ងៃទី១០ ខាងមុខនេះ ក្រុមហ៊ុន Honor នឹងដាក់លក់ទូរស័ព្ទ Honor Magic V របស់ខ្លួននៅវេលាម៉ោង 11 និង 30 នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសចិន) បូករួមជាមួយនឹងការចាក់ផ្សាយបន្តផ្ទាល់នៅលើបណ្តាញអ៊ីនធើណេតផងដែរ។

ក្រុមហ៊ុន Honor ក៏បានបញ្ជាក់ផងដែរថា ទូរស័ព្ទអេក្រង់បត់ដំបូងបង្អស់របស់ខ្លួនមួយនេះ នឹងបំពាក់មកជាមួយបន្ទះឈីបកំពូល Snapdragon 8 ជំនាន់ទី១ នឹងអាចទ្រទ្រង់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 66W ផងដែរ។

សម្រាប់លក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Honor Magic V នេះដែរ ពុំមានប្រភពព័ត៌មានណាមួយបានបង្ហាញឡើយ សូម្បីតែក្រុមហ៊ុន Honor ផ្ទាល់ ប៉ុន្តែអ្វីដែលយើងអាចដឹងបានខ្លះនោះគឺទូរស័ព្ទអេក្រង់បត់មួយនេះនឹងដំណើរការមកជាមួយប្រព័ន្ធប្រតិបត្តិការ Android 12 ផ្ទាល់តែម្តង៕


ប្រភព÷ GSMArena

Post a Comment

To Top