ក្រុមហ៊ុន Tesla នឹងបិទមុខងារអនុញ្ញាតឱ្យអ្នករួមដំណើរអាចលេងហ្គេមបាននៅពេលរថយន្ត Tesla កំពុងបើកបរ
កាលពីថ្ងៃម្សិលមិញ យើងបានដឹងនូវព័ត៌មានមួយចំនួនដែលទាក់ទងទៅនឹងរឿងចម្រូងចម្រាសនៃមុខងារ “Passenger Play” របស់រថយន្តអគ្គិសនី Tesla (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង) ឬអាចហៅបានថា មុខងារអនុញ្ញាតឱ្យអ្នករួមដំណើរ អាចលេងហ្គេមបានពេលកំពុងបើកបរ។
បើយោងតាមសារព័ត៌មាន The Guardian បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានធ្វើការឆ្លើយតបទៅលើការស៊ើបអង្កេតរបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ដោយក្រុមហ៊ុននឹងដាក់បញ្ចេញកំណែអាប់ដេតថ្មី ដើម្បីធ្វើការបិទនូវមុខងារ “Passenger Play” នេះ ដែលមិនអនុញ្ញាតឱ្យអ្នករួមដំណើររបស់រថយន្តអគ្គិសនី Tesla ធ្វើការលេងហ្គេមនៅពេលដែលរថយន្តកំពុងបើកបរបានឡើយ។
បន្ថែមពីនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Tesla បានធ្វើការសន្យាដល់ម្ចាស់របស់រថយន្ត Tesla ថា ក្រុមហ៊ុនរបស់ខ្លួននឹងព្យាយាមរិះរកវិធីដើម្បីកែសម្រួលនូវបញ្ហាមួយនេះ និងក្រុមហ៊ុន Tesla អាចនឹងបញ្ចេញកំណែអាប់ដេតថ្មីនាពេលអនាគត ដែលអនុញ្ញាតឱ្យម្ចាស់រថយន្ត Tesla អាចលេងហ្គេមបាននៅពេលដែលពួកគេមកដល់ចំណតឡាន ឬនៅពេលរថយន្តអគ្គិសនី Tesla ឈប់។
ការបិទនូវមុខងារ “Passenger Play” នេះ អាចនឹងជះឥទិ្ធពលវិជ្ជមាននៅក្នុងពេលបើកបរ ដែលជួយឱ្យអ្នកបើកបររថយន្តអគ្គិសនី Tesla អាចធ្វើការផ្តោតអារម្មណ៍ទៅលើការបើកបរបានល្អជាងមុន ដោយមិនមានការរំខានពីការលេងហ្គេមរបស់អ្នករួមដំណើរជាមួយ៕
ប្រភព: Engadget
Post a Comment