មុខងារលេងហ្គេមពេលកំពុងបើកបរ “Passenger Play” របស់ក្រុមហ៊ុន Tesla កំពុងស្ថិតក្រោមការស៊ើបអង្កេត

បន្ទាប់ពីក្រុមហ៊ុន Tesla បានដាក់បញ្ចេញមុខងារ “Passenger Play” ដែលជាមុខងារអនុញ្ញាតឱ្យអ្នករួមដំណើរនៅក្នុងរថយន្តអគ្គិសនី Tesla អាចលេងហ្គេមបានពេលកំពុងបើកបរ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង) ឥឡូវនេះ មុខងារមួយនេះហាក់បីដូចជាកំពុងតែជួបប្រទះទៅនឹងបញ្ហាទៅវិញ។

ការស៊ើបអង្កេតមួយនេះ ស្ថិតនៅក្រោមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ដែលពួកគេបានលើកយកអំណះអំណាងថា នៅពេលដែលអ្នករួមដំណើរនៅក្នុងរថយន្ត Tesla ធ្វើការលេងហ្គេម ពេលកំពុងបើកបរ វាអាចនឹងធ្វើឱ្យរំខានដល់អ្នកបើកបរ និងអាចបង្កើនហានិភ័យនៃការជួបគ្រោះថ្នាក់ចរាចរណ៍។

បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន New York Times បានបង្ហាញថា ក្រុមហ៊ុន Tesla បានធ្វើកំណែអាប់ដេតដល់រថយន្តអគ្គិសនី Tesla របស់ខ្លួន ដោយបន្ថែមមកជាមួយហ្គេមចំនួនបី ដែលអនុញ្ញាតឱ្យអ្នករួមដំណើរអាចលេងបាននៅពេលដែលរថយន្ត Tesla កំពុងបើកបរ។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) នៅតែបន្តជំហររបស់ពួកគេទៅលើមុខងារ Passenger Play របស់ក្រុមហ៊ុន Tesla ដែលជាមុខងារដែលអាចនាំហានិភ័យទៅដល់អ្នកបើកបររថយន្ត Tesla ប្រសិនបើមាននរណាម្នាក់លេងហ្គេមពេលកំពុងបើកបរ។ ប៉ុន្តែក្រុមហ៊ុន Tesla មិនបានធ្វើការឆ្លើយតបទៅលើការសុើបអង្កេតនេះនៅឡើយទេ៕


ប្រភព: Engadget

Post a Comment

To Top