អេក្រង់ថេប្លេតនៅក្នុងរថយន្តអគ្គីសនី Tesla អាចអនុញ្ញាតឱ្យលេងហ្គេមបាននៅពេលកំពុងបើកបរ
បើយោងតាមសារព័ត៌មាន The New York Times បានរាយការណ៍ថា រថយន្ត Tesla មួយចំនួនទទួលបាននូវមុខងារដែលអនុញ្ញាតឱ្យម្ចាស់ឡានអគ្គីសនី Tesla អាចលេងហ្គេមដែលក្រុមហ៊ុន Tesla បានដាក់មកបាន បើទោះបីជាស្ថិតក្នុងពេលបើកបរក៏ដោយ។ ក្រុមហ៊ុន Tesla បានចេញផ្សាយពីកំណែអាប់ដេតសម្រាប់ឡានអគ្គីសនី Tesla ថា ក្រុមហ៊ុននឹងដាក់បញ្ចូលនូវហ្គេមមួយចំនួនដូចជា Solitaire, Sky Force Reloaded និង The Battle of Polytopia: Moonrise សម្រាប់ឱ្យម្ចាស់ឡានអាចលេងកំសាន្តបាន នៅពេលដែលពួកគេកំពុងបើកបរ។
អេក្រង់ប៉ះបញ្ជាដែលស្រដៀងទៅនឹងថេប្លេតនៅក្នុងរថយន្តអគ្គីសនី Tesla នោះនឹងបង្ហាញពីការព្រមានមុនពេលដែលអ្នកលេងហ្គេម Solitaire ដោយសរសេរថា ”ហ្គេម Solitaire អនុញ្ញាតសម្រាប់តែអ្នកជិះឡានជាមួយសម្រាប់លេងតែប៉ុណ្ណោះនៅពេលដែលឡាន Tesla កំពុងតែមានចលនា” ដែលមានន័យថា អ្នកបើកបរឡានផ្ទាល់មិនអនុញ្ញាតឱ្យលេងហ្គេម Solitaire ពេលកំពុងបើកបរនោះទេ។
បើទោះបីជាយ៉ាងណាក៏ដោយ អ្នកបើកបរនៅតែអាចចុចលេងហ្គេមបាននៅពេលកំពុងបើកបរ ដោយគេចុចក្លែងជាអ្នកដំណើរ ហើយបន្ថែមពីនេះ អ្នកបើករថយន្ត Tesla អាចនឹងមិនមានស្មារតីពេញលេញនៅពេលបើកបរបើសិនជាអ្នកដែលរួមដំណើរជាមួយ ចុចលេងហ្គេមនៅលើអេក្រង់ ដែលអាចបង្វែរការចាប់អារម្មណ៍ដល់អ្នកបើកបរ កំឡុងពេលដែលគេកំពុងតែបើកឡាន Tesla នៅលើដងផ្លូវ៕
ប្រភព: Engadget
Post a Comment