សហភាពអឺរ៉ុបតម្រូវឱ្យទូរស័ព្ទទាំងអស់ បំពាក់មកជាមួយរន្ធសាក USB-C ឱ្យបានត្រឹមចុងឆ្នាំ២០២៤

សភាអឺរ៉ុបបានបោះឆ្នោតដើម្បីសម្រេចយករន្ធសាកថ្ម USB-C ជារន្ធសាកថ្មគោលសម្រាប់ប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប។ ឧបករណ៍ប្រើប្រាស់ទាំងអស់ (ទូរស័ព្ទដៃ ថេប្លេត ឬ កាសឥតខ្សែ) ដែលអាចគាំទ្រការសាកបញ្ចូលថ្មរហូតដល់កម្លាំង 100W នឹងត្រូវលក់នៅក្នុងសហភាពអឺរ៉ុបជាមួយនឹងរន្ធសាកថ្ម USB-C ឱ្យបានត្រឹមចុងឆ្នាំ២០២៤។


សម្រាប់កុំព្យូទ័រយួរដៃ ក៏នឹងត្រូវផ្លាស់ប្តូរទៅប្រើរន្ធសាកថ្ម USB-C វិញផងដែរ ដោយសហភាពអឺរ៉ុបបានកំណត់ត្រឹមនិទាឃរដូវនៃឆ្នាំ២០២៦។ សម្រាប់ឧបករណ៍ដែលចូលមកក្នុងទីផ្សារមុនកាលកំណត់ នឹងមិនរងផលប៉ះពាល់នោះទេ។


បទប្បញ្ញត្តិនេះ ត្រូវបានរៀបចំបង្កើតឡើងដើម្បីកាត់បន្ថយកាកសំណល់អេឡិចត្រូនិច ដោយជំរុញអ្នកប្រើប្រាស់ឱ្យប្រើឆ្នាំងសាកដែលពួកគេមានស្រាប់ សម្រាប់បញ្ចូលថ្មឧបករណ៍ថ្មីរបស់ពួកគេ។


ការបោះឆ្នោតស្រដៀងគ្នាមួយទៀតនេះ ក៏បានកំណត់ផងដែរថា ទូរស័ព្ទដែលប្រើប្រាស់រន្ធសាកថ្ម USB-C យ៉ាងហោចណាស់ ត្រូវមានកម្លាំងសាកបញ្ចូលថ្មចាប់ពី 18W ឡើងទៅ។


និយាយពីរន្ធសាកថ្ម USB-C យើងប្រាកដជានឹកដល់ក្រុមហ៊ុន Apple មុនគេ។ តាមការកំណត់ថ្មីរបស់សហភាពអឺរ៉ុប អាចឱ្យយើងសន្និដ្ឋានបានថា ទូរស័ព្ទរបស់ក្រុមហ៊ុន Apple ជំនាន់ក្រោយ (ត្រកូល iPhone 15) អាចនឹងបំពាក់មកជាមួយរន្ធសាក USB-C ជំនួសឱ្យរន្ធ Lightning វិញ៕


ប្រភព៖ Engadget

Post a Comment

To Top