ក្រុមហ៊ុន Google អនុញ្ញាតឱ្យកម្មវិធី Truth Social របស់លោក Donald Trump មាននៅលើ Play Store
អស់រយៈពេលជាយូរខែមក បន្ទាប់ពីកម្មវិធី Truth Social ត្រូវបានពន្យារពេលនៅក្នុងការដាក់បញ្ចូលក្នុងកម្មវិធី Play Store ដោយសារតែការព្រួយបារម្ភអំពីការទាក់ទងទៅនឹងគោលការណ៍នយោបាយ ឥឡូវនេះ ក្រុមហ៊ុន Google បានសម្រេចដាក់កម្មវិធី Truth Social របស់លោក Donald Trump ចូលទៅក្នុង Play Store ហើយ។
កម្មវិធី Truth Social ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធី App Store របស់ក្រុមហ៊ុន Apple តាំងពីខែកុម្ភៈកន្លងទៅមកម្ល៉េះ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ត្រូវតម្រូវឱ្យប្រើប្រាស់នៅលើគេហទំព័រ ឬ ទាញយកកម្មវិធីនេះពីប្រភពខាងក្រៅវិញ។
មូលហេតុនៅពីក្រោយការពន្យារពេលនេះ គឺដោយសារតែក្រុមហ៊ុន Google បានរកឃើញនូវមាតិកាមួយចំនួន ដែលបង្ហាញពីការគំរាមកំហែង ឬ ខ្លឹមសារដែលញុះញង់ឱ្យមានការប្រើប្រាស់អំពើហិង្សា។
ក្រុមហ៊ុន Google តម្រូវឱ្យកម្មវិធីទាំងអស់ដែលដាក់បញ្ចូលក្នុងកម្មវិធី Play Store ត្រូវមាននូវគោលការណ៍ច្បាប់កម្មវិធីកំណត់មិនឱ្យមានការគំរាមកំហែង ឬ ការញុះញង់ណាមួយទៅកាន់អ្នកប្រើប្រាស់។
ដោយសារតែកម្មវិធី Truth Social មិនទាន់បំពេញតាមស្តង់ដារដែលក្រុមហ៊ុន Google បានកំណត់ ទើបក្រុមហ៊ុន Google សម្រេចពន្យារពេលដាក់បញ្ចូលកម្មវិធីមួយនេះ នៅក្នុងកម្មវិធី Play Store របស់ពួកគេ៕
ប្រភព៖ Engadget
Post a Comment