ទូរស័ព្ទ iPhone 14 Pro អាចនឹងមានទំហំកាមេរ៉ាធំជាង 13 Pro ដែលចេញនៅឆ្នាំមុន

បើសិនជាអ្នកកំពុងឆ្ងល់ថាតើទូរស័ព្ទ iPhone 14 Pro នឹងមានរូបរាង ឬ ទំហំបែបណានោះ ឥឡូវនេះវាអាចនឹងជួយស្រាយចម្ងល់របស់អ្នកបានហើយ ដោយមានអ្នកប្រើប្រាស់ទូរស័ព្ទ iPhone 13 Pro ម្នាក់ បានទិញនូវស្រោមទូរស័ព្ទ iPhone 14 Pro និងបានដាក់ទូរស័ព្ទ iPhone 13 Pro របស់គាត់ចូលក្នុងស្រោមទូរស័ព្ទនោះ។


ជាលទ្ធផលដូចទៅនឹងរូបភាពខាងលើ វាបានបង្ហាញឱ្យឃើញថា កាមេរ៉ារបស់ទូរស័ព្ទ iPhone 14 Pro មានសភាពធំជាងកាមេរ៉ារបស់ទូរស័ព្ទ iPhone 13 Pro ដោយយើងបានឃើញនូវចន្លោះដែលនៅសល់ បន្ទាប់ពីដាក់កាមេរ៉ា iPhone 13 Pro ចូលក្នុងស្រោមទូរស័ព្ទ iPhone 14 Pro។


ពុំមានប្រភពព័ត៌មានណាមួយបានពន្យល់ពីទំហំនៃកាមេរ៉ា iPhone 14 Pro នោះទេ ប៉ុន្តែបើយោងតាមពាក្យចចាមអារ៉ាមបានឱ្យដឹងថា ក្រុមហ៊ុន Apple ទំនងជាធ្វើការ Upgrade កាមេរ៉ា Ultrawide របស់ទូរស័ព្ទ iPhone 14 Pro ក្នុងឆ្នាំនេះ ជាមួយនឹងសេនស័រថ្មី ដែលអាចនឹងមានទំហំធំជាងមុន។


បើនេះជាការពិតមែន ដូចនេះក្រុមហ៊ុន Apple ក៏នឹងត្រូវបង្កើនទំហំកាមេរ៉ាចំនួនពីរទៀតឱ្យមានទំហំដូចគ្នាផងដែរ ដើម្បីឱ្យវាមានការរចនារូបរាងស្អាត។ យ៉ាងក៏ដោយ ក្រុមហ៊ុន Apple ក៏ជិតនឹងបញ្ចេញទូរស័ព្ទត្រកូល iPhone 14 ផងដែរ ដូចនេះយើងមានតែត្រូវរង់ចាំតាមដានបន្ថែម៕


ប្រភព៖ GSMArena

Post a Comment

To Top