ក្រុមហ៊ុន YouTube កំពុងសាកល្បងលើមុខងារដែលអាចឱ្យធ្វើការពង្រីកវីដេអូបាន
ក្រុមហ៊ុន YouTube កំពុងធ្វើការសាកល្បងនៅលើមុខងារថ្មីសម្រាប់អ្នកប្រើប្រាស់ដែលភ្ជាប់គម្រោង Premium របស់ខ្លួន ដោយនឹងអនុញ្ញាតឱ្យពួកគេអាចធ្វើការពង្រីកវីដេអូបាន។
ដូចដែលបានកត់សម្គាល់ដោយសារព័ត៌មាន 9to5Google បានឱ្យដឹងថាការពិសោធន៍នៃមុខងារចុងក្រោយបង្អស់របស់កម្មវិធី YouTube គឺជាការសាកល្បងលើមុខងារ pinch-to-zoom ដែលជាមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការពង្រីកនូវវីដេអូណាមួយបាន ទាំងវីដេអូបញ្ឈរ និងវីដេអូផ្តេក។
បើយោងតាមក្រុមហ៊ុន YouTube ផ្ទាល់បានធ្វើការបញ្ជាក់ថា មុខងារនេះនឹងនៅតែបន្តដាក់ឱ្យសាកល្បងរហូតដល់ថ្ងៃទី01 ខែកញ្ញា ដោយក្រុមហ៊ុន YouTube នឹងចំណាយពេលមួយខែដើម្បីប្រមូលមតិ និងការកែលម្អពីអ្នកប្រើប្រាស់ មុនពេលដែលខ្លួនសម្រេចដាក់បញ្ចេញមុខងារនេះជាសកល។
ដើម្បីអាចបើកនូវមុខងារ Pinch-to-zoom នេះបាន សូមអ្នកចូលទៅកាន់កម្មវិធី YouTube និងជ្រើសយកប៊ូតុងមីន៊ុយ Settings របស់វា។
បើសិនជាអ្នកជាសមាជិក ឬ បានភ្ជាប់គម្រោងរបស់កម្មវិធី YouTube Premium ដូចនេះអ្នកអាចសាកល្បងនូវមុខងារពង្រីកវីដេអូថ្មីនេះបាន តាមរយៈការចូលទៅកាន់ពាក្យ “try new features”៕
ប្រភព៖ The Verge

Post a Comment