កម្មវិធី Snapchat បានបញ្ចេញមុខងារថតវីដេអូ Dual Camera ថ្មី ដែលអាចថតបានទាំងកាមេរ៉ាមុខ និងក្រោយ
Snapchat គឺជាកម្មវិធីកាមេរ៉ាចុងក្រោយបង្អស់ដែលបន្ថែមមុខងារ Dual Camera ចូលទៅក្នុងកម្មវិធីរបស់ខ្លួន។ មុខងារ Dual Camera គឺជាមុខងារបន្ថែមថ្មី ដែលត្រូវបានក្រុមហ៊ុន Snapchat លើកឡើងក៏ដូចជាមានគម្រោងនៅក្នុងការបង្កើតតាំងពីដើមឆ្នាំ 2022 កន្លងមកម្ល៉េះ។
មុខងារ Dual Camera គឺជាមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការថតរូបភាព ឬ វីដេអូដោយប្រើប្រាស់កាមេរ៉ាមុខ និងកាមេរ៉ាក្រោយក្នុងពេលជាមួយគ្នាបាន។ ឥឡូវនេះ មុខងារនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ IOS ចាប់ពីទូរស័ព្ទ iPhone XS ឡើងទៅ (សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ក្រុមហ៊ុន Snapchat បាននិយាយថា វាអាចនឹងចាយពេលប៉ុន្មានខែបន្តទៅមុខទៀត)។
ក្រុមហ៊ុន Snapchat បានសាកល្បងនូវមុខងារនេះដំបូងនៅក្នុងខែមេសា ដែលក្រុមហ៊ុនបាននិយាយថា មុខងារថ្មីនេះនឹងក្លាយជាមុខងារដែលមានលក្ខណៈពិសេសមួយរបស់មុខងារ Director Mode។
យ៉ាងណាម៉ិញ ដោយសារតែក្រុមហ៊ុន Snapchat មិនទាន់បានបញ្ចេញមុខងារ Director Mode នៅឡើយ (អាចនឹងចំណាយពេលច្រើនខែទៀត) ដូចនេះពួកគេទំនងជាបញ្ចេញមុខងារ Dual Camera ធ្វើជាមុខងារគោលនៅក្នុងកម្មវិធីកាមេរ៉ា Snapchat៕
ប្រភព៖ Engadget
Post a Comment