ក្រុមហ៊ុន Snap បានបញ្ឈប់ការអភិវឌ្ឍន៍ Snapchat Pixy ដែលជាគម្រោង ដ្រូនថតស៊ែលហ្វី

បើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Wall Street Journal បានឱ្យដឹងថា យន្តហោះស៊ែលហ្វីដ្រូន Pixy របស់ក្រុមហ៊ុន Snap Inc នឹងបញ្ឈប់ការអភិវឌ្ឍន៍បន្តទៀតហើយ។ Pixy គឺជាយន្តហោះដ្រូនដែលគ្មានមនុស្សបើកខ្នាតតូច ដែលក្រុមហ៊ុន Snap បានដាក់លក់ក្នុងតម្លៃ $230 សម្រាប់ថតរូបភាពស៊ែលហ្វី និងអាចចុះចតលើដៃរបស់អ្នកបាន។


ដ្រូនថតរូបភាពស៊ែលហ្វីមួយនេះ នឹងធ្វើការបញ្ជូនរូបភាពទៅកាន់កម្មវិធី Snapchat នៅក្នុងទូរស័ព្ទរបស់អ្នក ដើម្បីធ្វើការបង្ហោះ។


នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Snap លោក Evan Spiegel ត្រូវបានគេរាយការណ៍ថា លោកបានប្រាប់បុគ្គលិករបស់លោកនៅក្នុងកម្មវិធីសំណួរចម្លើយ Q&A ថា ក្រុមហ៊ុនកំពុងបញ្ឈប់ការអភិវឌ្ឍន៍បន្ថែមទៀតនៃដ្រូន Pixy ហើយ។ ការធ្វើការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយសារតែការខ្វះខាតធនធានមួយចំនួនរបស់ក្រុមហ៊ុន ក្នុងការផលិតដ្រូនថតរូបស៊ែលហ្វីនេះ។


បើទោះបីជាយ៉ាងណាក៏ដោយ យន្តហោះគ្មានមនុស្សបើកប្រើសម្រាប់ថតរូបស៊ែលហ្វី Pixy នៅបន្តមានដាក់លក់នៅឡើយ នៅលើគេហទំព័រ Pixy.com ដែលវាទំនងជាត្រូវដាក់លក់ឱ្យអស់ពីស្តុក និងពុំមានការនាំចូលស្តុកថ្មីនោះទេ។


ចំពោះតម្លៃខ្លួន $230 អ្នកនឹងទទួលបានយន្តហោះដ្រូន Pixy មួយ, កាងចំនួនមួយ, ថ្មសាកខ្សែចំនួនមួយ, ថ្មចំនួនមួយគ្រាប់ និងខ្សែសាក USB-C ចំនួនមួយ។ សម្រាប់តម្លៃ $250 វិញអ្នកនឹងទទួលបានថ្មចំនួនពីរគ្រាប់ ដែលក្នុងមួយគ្រាប់ៗមានជើងយន្តហោះពី 5-8 ដោយប្រើសម្រាប់ហោះ នេះបើយោងតាមគេហទំព័ររបស់ Pixy៕


ប្រភព៖ GSMArena

Post a Comment

To Top