ក្រុមហ៊ុន Google ប្រគល់ការផលិតទូរស័ព្ទអេក្រង់បត់ Pixel និង Pixel 7 ទៅឱ្យក្រុមហ៊ុន Foxconn
បើទោះបីជាក្រុមហ៊ុន Google មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីការមកដល់របស់ទូរស័ព្ទដែលមានអេក្រង់អាចបត់បានយ៉ាងណាក្តី ក៏ Digital Chat Station ដែលជាអ្នកចែកចាយនូវព័ត៌មានលេចធ្លាយបានអះអាងនៅក្នុងគេហទំព័រ Weibo ថា ក្រុមហ៊ុន Google គ្រោងនឹងបញ្ចេញវានៅក្នុងត្រីមាសទី4 នៃឆ្នាំ២០២២ នេះ។
ការផលិតនេះ ទំនងជាត្រូវបានផ្ទេរការគ្រប់គ្រងទៅឱ្យក្រុមហ៊ុន Foxconn ដោយនឹងចាប់ផ្តើមការផលិតពីត្រីមាសទី3 នេះ។ បន្ថែមពីនេះ ក្រុមហ៊ុន Foxconn ក៏នឹងទទួលបានសិទ្ធិក្នុងការផលិតទូរស័ព្ទ Google Pixel 7 ផងដែរ។
ប្រភព Digital Chat Station ដដែលនេះបានបង្ហាញនូវព័ត៌មានលេចធ្លាយមួយចំនួនអំពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទដែលមានអេក្រង់អាចបត់បាន Google Pixel Foldable នេះថា វាអាចនឹងបំពាក់មកជាមួយអេក្រង់ដែលមានកម្រិតបង្ហាញ 2K ជាមួយនឹងកាមេរ៉ាស៊ែលហ្វីទម្លុះអេក្រង់មួយគ្រាប់ដែលមានទំហំ 50 មេហ្កាភិចស៊ែល។
បន្ថែមពីនេះ បន្ទះឈីប Tensor 2 ក៏នឹងបំពាក់មកជាមួយទូរស័ព្ទអេក្រង់បត់នេះផងដែរ គួបផ្សំជាមួយនឹងការរចនាតួខ្លួនធ្វើចេញពីសេរ៉ាមិច។ សម្រាប់ព័ត៌មានបន្ថែម យើងមានតែត្រូវរង់ចាំតាមដានបន្តទៀតប៉ុណ្ណោះ៕
ប្រភព៖ GSMArena
Post a Comment