ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ IOS 16 ជំនាន់សាកល្បងលើកទី 8 មុនការបញ្ចេញចុងក្រោយ
ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ IOS 16 ជំនាន់សាកល្បងលើកទី 8 របស់ខ្លួន មុនពេលដែលក្រុមហ៊ុនសម្រេចបញ្ចេញកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការនេះជាលើកចុងក្រោយ ដែលអាចនឹងធ្វើឡើងនៅថ្ងៃទី07 ខែកញ្ញា ខាងមុខនេះ។
សម្រាប់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះសាកល្បងនូវប្រព័ន្ធប្រតិបត្តិការ IOS 16 ជំនាន់សាកល្បង អ្នកអាចចូលទៅកាន់ Settings បន្ទាប់មកជ្រើសយកពាក្យ General និងជ្រើសយកនូវម៉ីនុយ Software Update ដើម្បីធ្វើការអាប់ដេតបាន។
បើសិនជាអ្នកមិនបានចុះឈ្មោះដើម្បីធ្វើការសាកល្បងនូវកំណែអាប់ដេតថ្មីនេះនោះទេ ប៉ុន្តែអ្នកមិនអាចរង់ចាំរហូតដល់ពេលដែលក្រុមហ៊ុន Apple បញ្ចេញវាជាផ្លូវការបាន អ្នកអាចចូលទៅកាន់ផ្នែកមួយទៀតដែលបានសរសេរថា “How to join the beta program”។
ដោយសារតែនេះជាកំណែសាកល្បង ដូចនេះកំហុសឆ្គងដូចជា Bugs និងកំហុសមួយចំនួនទៀតនឹងកើតមានឡើង លើឧបករណ៍ដែលអាចធ្វើតេស្តសាកល្បងកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការថ្មីនេះបាន។
ប្រព័ន្ធប្រតិបត្តិការ IOS 16 នឹងនាំមកជាមួយមុខងារថ្មីៗមួយចំនួនដូចជា ការរចនា Lock Screen ថ្មី, របៀបក្នុងការបង្ហាញសារជូនដំណឹងថ្មី និងមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការលុប ឬ កែនូវសារដែលទើបនឹងផ្ញើជាដើម។ ក្នុងកំណែសាកល្បងនៃប្រព័ន្ធប្រតិបត្តិការ IOS 16 ក៏នាំមកជាមួយមុខងារបង្ហាញភាគរយថ្មផងដែរ៕
ប្រភព៖ GSMArena
Post a Comment