ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍បន្ទាប់របស់ខ្លួននៅថ្ងៃទី07 ខែកញ្ញា នៅ Apple Park

នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍បន្ទាប់ ដែលជាព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលថ្មីៗរបស់ខ្លួននៅថ្ងៃទី07 ខែកញ្ញា នៅក្នុងបរិវេណ Apple Park របស់ក្រុមហ៊ុន Apple។


ព្រឹត្តិការណ៍មួយនេះដែរ នឹងចាប់ផ្តើមពីម៉ោង 10:00 ព្រឹកទៅ ហើយក៏ត្រូវបានអនុញ្ញាតឱ្យមានការចូលរួមដោយផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រ និងគណនី YouTube ផ្លូវការរបស់ក្រុមហ៊ុន Apple ផងដែរ។


ក្រុមហ៊ុន Apple អាចនឹងផ្តោតសំខាន់លើទូរស័ព្ទ iPhone ជំនាន់ថ្មី ដែលជាត្រកូលទូរស័ព្ទ iPhone 14 និងកាន់តែពិសេសនោះ ក្រុមហ៊ុន Apple ក៏នឹងនាំយកទូរស័ព្ទ iPhone 14 ដែលមានទំហំធំចំនួនពីរម៉ូដែលផងដែរដែលអាចជាទូរស័ព្ទ iPhone 14 Plus/Max។


នៅក្នុងព្រឹត្តិការណ៍ខាងមុខនេះទៀតសោត ក្រុមហ៊ុន Apple នឹងនាំមកបង្ហាញជាមួយមុខងារ always-on display ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រទូរស័ព្ទរបស់ក្រុមហ៊ុន Apple។ ប៉ុន្តែយ៉ាងណាក៏ដោយ មុខងារមួយនេះអាចនឹងមានតែនៅលើម៉ូដែល Pro ប៉ុណ្ណោះ។

Apple Park

សម្រាប់ទូរស័ព្ទ iPhone 14 ម៉ូដែល Pro អាចនឹងបំពាក់មកជាមួយបន្ទះឈីប A16 bionic ជំនាន់ថ្មី ខណៈពេលដែលម៉ូដែល iPhone 14 ធម្មតា នឹងនៅតែបន្តប្រើប្រាស់បន្ទះឈីប A14 bionic ដដែល។


ក្រៅពីនេះ ក្រុមហ៊ុន Apple ក៏នឹងដាក់បង្ហាញនូវផលិតផលផ្សេងៗទៀតរបស់ខ្លួនផងដែរ ដូចជាពពួកនាឡិកាឆ្លាតវៃ Apple Watch Series 8 ជាដើម។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ យើងមានតែត្រូវរង់ចាំតាមដានព្រឹត្តិការណ៍មួយនោះដោយផ្ទាល់ តាមរយៈអនឡាញនៅថ្ងៃទី07 ខែកញ្ញា៕


ប្រភព៖ GSMArena

Post a Comment

To Top