ក្រុមហ៊ុន Twitter កំពុងជួលក្រុមហ៊ុនច្បាប់ដើម្បីត្រៀមប្តឹងលោក Elon Musk
នៅថ្ងៃសុក្រ សប្តាហ៍មុននេះ លោក Elon Musk បានប្រកាសថា គាត់នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Twitter ប៉ុន្តែវាមិនមែនមានន័យថារឿងមួយនេះអាចចប់បានដោយភ្លាមៗនោះទេ។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន Twitter បានជួលក្រុមហ៊ុនច្បាប់ Wachtell, Lipton, Rosen & Katz LLP ដើម្បីធ្វើការប្តឹងទៅលោក Elon Musk និងបង្ខំឱ្យលោក ធ្វើការបិទការបញ្ជាទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ 44 ពាន់លានដុល្លារ។
ត្រឡប់ទៅកាន់ខែមេសា វិញ លោក Elon Musk បានយល់ព្រមនៅក្នុងកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ $54.20 ក្នុង ១ ភាគហ៊ុន។
រឿងក្តៅស្លឹកត្រចៀកក៏បានកើតឡើង ដោយនៅក្នុងខែឧសភា លោក Elon Musk បានប្រកាសថា កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Twitter ត្រូវផ្អាកជាបណ្តោះអាសន្នសិន ដោយសារតែលោកបានបើកការស៊ើបអង្កេតដឹងថា ចំនួន 5% នៃអ្នកប្រើប្រាស់ប្រចាំថ្ងៃដែលអាចរកប្រាក់ចំណូលបានគឺជា Bots។
បន្ថែមពីនេះ លោក Elon Musk បានជឿជាក់ថា ភាគរយនៃចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃដែលអាចរកប្រាក់ចំណូលបាន (ជា Bot) អាចនឹងមានចំនួនច្រើនជាងនេះ និងដោយមានការរារាំងពីក្រុមហ៊ុន Twitter មិនឱ្យលោក និងក្រុមរបស់លោកបើកការស៊ើបអង្កេតទៀតនោះ កិច្ចព្រមព្រៀងនៃការទិញយកក្រុមហ៊ុន Twitter ត្រូវបានពន្យារពេលបន្តទៅទៀត ព្រោះវាបានរំលោភបំពាននូវលក្ខខណ្ឌជាច្រើននៃកិច្ចព្រមព្រៀង។
បើយោងតាមការបញ្ជាក់ពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Twitter អាចនឹងដាក់ពាក្យបណ្តឹងពិតប្រាកដនៅក្នុងសប្តាហ៍នេះ៕
ប្រភព៖ GSMArena
Post a Comment