ទូរស័ព្ទ OnePlus Ace Pro អាចនឹងបំពាក់មកជាមួយបន្ទះឈីបកំពូល និងមានរ៉េមទំហំ 16GB
ក្រុមហ៊ុន OnePlus គ្រោងនឹងបញ្ចេញទូរស័ព្ទ OnePlus 10T ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ OxygenOS 13 ជាផ្លូវការនៅថ្ងៃទី១៣ ខែសីហា ដែលជាទូរស័ព្ទដែលបំពាក់មកជាមួយបន្ទះឈីប Snapdragon 8+Gen 1 ប៉ុន្តែវាមិនមែនជាទូរស័ព្ទតែមួយ ដែលនឹងបង្ហាញខ្លួននៅក្នុងថ្ងៃនោះ នោះទេ។
បើយោងតាមសារព័ត៌មាន Digital Chat Station បានឱ្យដឹងថា ទូរស័ព្ទដែលក្រុមហ៊ុន OnePlus ឱ្យឈ្មោះថា OnePlus Ace Pro ក៏នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon ជំនាន់ចុងក្រោយបង្អស់ផងដែរ ហើយវាអាចនឹងមានទំហំរ៉េម 16GB និងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហូតដល់កម្លាំង 150W។
ទូរស័ព្ទ OnePlus 10T និងទូរស័ព្ទ OnePlus Ace Pro អាចនឹងមានលក្ខណៈសម្បត្តិដូចគ្នាច្រើន ដោយជាធម្មតា ក្រុមហ៊ុន OnePlus តែងតែបញ្ចេញទូរស័ព្ទពីរម៉ូដែលដែលមានលក្ខណៈដូចគ្នា តែខុសគ្នាទៅលើឈ្មោះ សម្រាប់ធ្វើការដាក់លក់មួយម៉ូដែលនៅក្នុងស្រុក និងមួយម៉ូដែលទៀតដាក់លក់នៅក្រៅស្រុក។
បើសិនជាការលើកឡើងខាងលើពិតជាត្រឹមត្រូវមែននោះ ដូចនេះទូរស័ព្ទ OnePlus 10T ក៏អាចនឹងបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 150W ផងដែរ ដោយសព្វថ្ងៃ បច្ចេកវិទ្យាសាកថ្មល្បឿនលឿនមួយនេះ គឺមានតែនៅលើទូរស័ព្ទមួយចំនួនតូចប៉ុណ្ណោះ។
ការបំពាក់មកជាមួយរ៉េមទំហំ 16GB គឺជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្ររបស់ក្រុមហ៊ុន OnePlus ដោយក្រុមហ៊ុនមួយនេះ កំពុងព្យាយាមផលិតស្មាតហ្វូនដែលមានកម្លាំងម៉ាសុីនខ្លាំង សម្រាប់ចូលរួមចំណែកក្នុងទីផ្សារ៕
ប្រភព៖ GSMArena
Post a Comment