ក្រុមហ៊ុន Netflix នឹងចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន Microsoft សម្រាប់គម្រោងដែលមានការផ្សាយពាណិជ្ជកម្ម
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Netflix បានបាត់បង់ចំនួនអ្នកប្រើប្រាស់កម្មវិធីក៏ដូចជាសេវាកម្មស្រ្ទីមខ្សែភាពយន្តរបស់ខ្លួន ដូចនេះដើម្បីជាវិធានការដោះស្រាយនូវបញ្ហាមួយនេះ ក្រុមហ៊ុនបានផ្តល់ជូនអ្នកប្រើប្រាស់មកវិញជាមួយនឹងកញ្ចប់សេវាកម្មធូរថ្លៃជាងមុន ដែលជាកញ្ចប់សេវាកម្មមានការផ្សាយពាណិជ្ជកម្ម។
យើងអាចដឹងបានថាក្រុមហ៊ុន Netflix កំពុងធ្វើការលើគម្រោងថ្មីនេះគឺដោយសារតែក្រុមហ៊ុន Microsoft បានប្រកាសភាពជាដៃគូសហការជាមួយនឹងក្រុមហ៊ុន Netflix នៅក្នុងការដាក់ផ្សាយពាណិជ្ជកម្មបច្ចេកវិទ្យា ក៏ដូចជាដៃគូលក់ជាដើម។
នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយ លោក Greg Peters ដែលជា COO និង CPO របស់ក្រុមហ៊ុន Netflix បានបង្ហាញថា “ក្រុមហ៊ុន Microsoft អាចមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការគាំទ្ររាល់តម្រូវការផ្សាយពាណិជ្ជកម្ម ដែលយើងត្រូវការ ខណៈពេលដែលយើងកំពុងធ្វើការលើគម្រោងដែលមានការផ្សាយពាណិជ្ជកម្ម”។
ក្រុមហ៊ុនទាំងពីរបានធ្វើការបញ្ជាក់ថា ពួកគេនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើរួមគ្នា ហើយពួកគេក៏មានភាពសប្បាយរីករាយនៅក្នុងការធ្វើការងារជាមួយគ្នាផងដែរ៕
ប្រភព៖ GSMArena
Post a Comment