ក្រុមហ៊ុន Neom បានបង្ហាញពីគម្រោង The Line ដែលជាការសាងសង់ទីក្រុងដោយកញ្ចក់
បើយោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Neom បានឱ្យដឹងថា គម្រោង The Line គឺជាការធ្វើបដិវត្តសម្រាប់មនុស្សជាលើកដំបូងដែលផ្តល់នូវបទពិសោធន៍រស់នៅក្នុងទីក្រុងដែលពុំធ្លាប់មានពីមុនមក គួបផ្សំជាមួយនឹងការថែរក្សាបាននូវធនធានធម្មជាតិនៅជុំវិញផងដែរ។
The Line គឺជាគម្រោងបង្កើតទីក្រុងដែលគ្មានឡាន គ្មានផ្លូវ ឬការបំភាយឧស្ម័ននោះទេ ដោយវានឹងដំណើរការដោយការប្រើប្រាស់ថាមពលដែលកែឆ្នៃឡើងវិញ និងទំហំដីពី 100% ទៅ 90% ត្រូវបានគ្របដណ្ដប់ដោយធម្មជាតិ។ ប្រព័ន្ធថែរក្សាសុខភាព សុខុមាលភាពរបស់ប្រជាជន ឬ ការដឹងជញ្ជូននឹងត្រូវបានផ្តល់ជូនដល់ប្រជាជនដែលកំពុងរស់នៅ។
ទីក្រុង The Line គ្របដណ្តប់នៅលើផ្ទៃដី 34 គីឡូម៉ែត្រការ៉េ និងមានទទឹង 200 ម៉ែត្រ បណ្តោយ 170 គីឡូម៉ែត្រ និងមានកម្ពស់ 500 ម៉ែត្រ ពីលើ នីវ៉ូ ទឹកសមុទ្រ។ ទីក្រុងមួយនេះដែរ អាចនឹងផ្ទុកមនុស្សរស់នៅបានរហូតដល់ទៅ 9 លាននាក់។
ប្រជាជនដែលរស់នៅក្នុងទីក្រុងមួយនេះ នឹងអាចធ្វើការផ្លាស់ប្តូរពីទីកន្លែងមួយទៅទីកន្លែងមួយទៀតបាន (ពីផ្ទះទៅសាលា ឬ ពីសាលាទៅផ្សារទំនើប) ដោយចំណាយពេលធ្វើដំណើរត្រឹមតែ 5 នាទីប៉ុណ្ណោះ និងចាយពេលធ្វើដំណើរពីចុងម្ខាងនៃទីក្រុងដល់ចុងម្ខាងទៀត ដោយចំណាយពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ តាមរយៈការធ្វើដំណើរថ្មើរជើង និងការធ្វើដំណើរដោយរថភ្លើងល្បឿនលឿន។
ដូចដែលបានបញ្ជាក់ពីខាងលើ ទីក្រុង ឬ គម្រោង The Line នឹងឡោមព័ទ្ធការសាងសង់ទៅដោយកញ្ចក់ ដែលមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិនោះទេ នេះបើយោងតាមការអះអាងរបស់ ក្រុមហ៊ុន Neom។
គម្រោងសាងសង់ទីក្រុងដោយហំព័ទ្ធដោយកញ្ចក់នេះ វាស្តាប់មើលទៅដូចជានៅក្នុងខ្សែភាពយន្ត ប៉ុន្តែគម្រោងមួយនេះត្រូវបានបង្កើតឡើងដោយពិតប្រាកដមែន ដែលមានព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាព្រះអង្គម្ចាស់ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន NEOM៕
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គណនីផ្លូវការរបស់ក្រុមហ៊ុន Neom។
ប្រភព៖ក្រុមហ៊ុន Neom
Post a Comment