ថេប្លេត HTC A101 នឹងបំពាក់មកជាមួយអេក្រង់ LCD ទំហំ 10 អ៊ីញ និងប្រើប្រាស់បន្ទះឈីប Unisoc T618 SoC

នៅសប្តាហ៍មុន ក្រុមហ៊ុន HTC បានបញ្ចេញទូរស័ព្ទដំបូងបង្អស់របស់ខ្លួននៅក្នុងឆ្នាំ២០២២ នេះដែលជាម៉ូដែលទូរស័ព្ទ Desire 22 Pro ហើយឥឡូវនេះ ក្រុមហ៊ុនក៏នឹងកំពុងនាំយកថេប្លេតរបស់ខ្លួនចូលមកក្នុងទីផ្សារទូរស័ព្ទដៃ និងថេប្លេតបន្ថែមទៀតផងដែរ។


ថេប្លេតរបស់ក្រុមហ៊ុន HTC ដែលយើងកំពុងនិយាយនោះត្រូវបានក្រុមហ៊ុនឱ្យឈ្មោះថា HTC A101 ដែលជាថេប្លេតមានតម្លៃក្នុងកម្រិតមធ្យម ដោយវាបំពាក់មកជាមួយអេក្រង់ LCD ទំហំ 10 អ៊ីញ, ប្រើប្រាស់លើបន្ទះឈីប Unisoc T618 និងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 7,000 mAh។


ដូចដែលបានលើកឡើងពីខាងលើ ថេប្លេត HTC A101 បំពាក់មកជាមួយអេក្រង់ LCD ទំហំ 10 អ៊ីញជាមួយកម្រិតបង្ហាញភាពច្បាស់ FullHD+។ បន្ថែមពីលើបន្ទះឈីប Unisoc T618 ថេប្លេតមួយនេះបំពាក់មកជាមួយរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB និងអាចបន្ថែម microSD ពីខាងក្រៅបាន។ ដោយសារតែវាជាថេប្លេតកម្រិតមធ្យម ដូចនេះរន្ធដោតកាស 3.5mm នៅតែមានដដែល។


ចំពោះផ្នែកកាមេរ៉ា និងលក្ខណៈសម្បត្តិបន្ថែមទៀត ថេប្លេតមួយនេះបំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីមួយគ្រាប់ទំហំ 5 មេហ្កាភិចស៊ែល និងកាមេរ៉ាខាងក្រោយមួយគ្រាប់ដូចគ្នា ទំហំ 16 មេហ្កាភិចស៊ែល។ សម្រាប់ប្រព័ន្ធដំណើរការ ថេប្លេត HTC A101 ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 11 ចេញពីប្រអប់។ ចំណែកឯការសាកបញ្ចូលថ្មទំហំ 7,000 mAh របស់វាវិញ វាអាចសាកបានត្រឹមកម្លាំង 10W តាមរយៈខ្សែសាក USB-C ប៉ុណ្ណោះ។


ថេប្លេត HTC A101 នឹងដាក់លក់នៅក្នុងប្រទេសរុស្ស៊ីក្នុងតម្លៃ RUB 19,890 ($361) ហើយនឹងមកដល់តំបន់អាហ្វ្រិកខាងត្បូងក្នុងពេលឆាប់ៗនេះ៕


ប្រភព៖ GSMArena

Post a Comment

To Top