ទូរស័ព្ទ Google Pixel 6a ត្រូវបានគេរាយការណ៍ថា អាចដោះសោរបាន បើទោះបីជាមិនមានស្នាមក្រយ៉ៅដៃ ដែលធ្លាប់ស្កេនសម្គាល់ក៏ដោយ
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទូរស័ព្ទត្រកូល Pixel ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍ថា បានជួបប្រទះនូវបញ្ហាមួយចំនួន ហើយលើកនេះវាកាន់តែធ្ងន់ធ្ងរដោយសារតែទូរស័ព្ទ Google Pixel 6a ត្រូវបានអ្នក Review រាយការណ៍ថា ពួកគេអាចធ្វើការដោះសោរតាមរយៈការស្កេនស្នាមក្រយ៉ៅដៃដែលមិនធ្លាប់បានស្កេនពីមុនបាន (Unlocking even with unregistered prints)។
បញ្ហានេះត្រូវបានបង្ហាញជាលើកដំបូងដោយឆាណែលយូធូប Beebom។ ការធ្វើតេស្តនេះដំបូង ត្រូវបានធ្វើឡើងដោយពួកគេបានយកទូរស័ព្ទ Google Pixel 6a ឱ្យទៅសមាជិកក្នុងក្រុមរបស់ពួកគេចំនួនពីរនាក់ ដែលមិនធ្លាប់បានធ្វើការស្កេនស្នាមក្រយ៉ៅដៃសម្គាល់ពីមុន (Unregistered Print) ឱ្យធ្វើការស្កេនដោះសោរ ហើយពួកគេទាំងពីរនាក់ក៏អាចស្កេនដោះសោរទូរស័ព្ទមួយនេះបាន បើទោះបីជាពួកគេមិនធ្លាប់ស្កេនសម្គាល់ក្រយ៉ៅដៃពីមុនមកក៏ដោយ។
បន្ថែមពីនេះ ក៏មានការធ្វើតេស្តស្រដៀងគ្នាមួយទៀតចេញពីឆាណែល Geekyranjit នៅលើយូធូបផងដែរ ដែលគាត់អាចដោះសោរដោយការស្កេនស្នាមក្រយ៉ៅដៃទាំងពីរបាន បើទោះបីជាគាត់ធ្វើការចុះស្កេនសម្គាល់ស្នាមក្រយ៉ៅដៃ (Registered Print) តែមួយក៏ដោយ។
បញ្ហាមួយនេះ គឺជាកំហុសប្រព័ន្ធសុវត្ថិភាពដែលក្រុមហ៊ុន Google គួរតែយកចិត្តទុកដាក់ នៅក្នុងការកែប្រែវាបន្ថែម ដូចនេះបើសិនជាអ្នកកំពុងប្រើប្រាស់ទូរស័ព្ទ Google Pixel 6a ជម្រើសដែលល្អនោះ គឺមានតែត្រូវប្រើប្រាស់លេខសម្ងាត់ជាបណ្តោះអាសន្នប៉ុណ្ណោះ ដោយអ្នកអាចត្រឡប់មកកាន់ការប្រើប្រាស់មុខងារដោះសោរដោយស្នាមក្រយ៉ៅដៃវិញបាន នៅពេលដែលក្រុមហ៊ុន Google បានដោះស្រាយនូវកំហុសមួយនេះ៕
ប្រភព៖ GSMArena
Post a Comment