ក្រុមហ៊ុន Dbrand អាចធ្វើឱ្យខ្នងទូរស័ព្ទខាងក្រោយរបស់អ្នកដូចទៅនឹងទូរស័ព្ទ Nothing Phone 1 បាន

ការវាយតម្លៃមួយចំនួនបានទទួលស្គាល់ថា ទូរស័ព្ទ Nothing Phone 1 គឺជាទូរស័ព្ទដែលមានភាពទាក់ទាញមួយ។ ប៉ុន្តែ ទូរស័ព្ទ Nothing Phone 1 គឺមានដាក់លក់តែនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដាប៉ុណ្ណោះ។


ជាដំណឹងល្អសម្រាប់អ្នកដែលស្រឡាញ់ការរចនាខ្នងខាងក្រោយរបស់ទូរស័ព្ទ Nothing Phone 1 ដោយក្រុមហ៊ុន Dbrand ដែលជាក្រុមហ៊ុនផលិតលើផ្នែកសម្ភារៈខាងក្រៅ បានធ្វើការប្រកាសថា ពួកគេកំពុងធ្វើការលើស្បែកខាងក្រោយថ្មី ដែលខ្លួនហៅថា “Something skins” ដោយអាចផ្លាស់ប្តូរខ្នងខាងក្រោយរបស់ទូរស័ព្ទ iPhone 13 Pro Max, Pixel 6 Pro ឬ Samsung Galaxy S22 Ultra របស់អ្នកឱ្យដូចទៅនឹងទូរស័ព្ទ Nothing Phone 1 ដែរ។

យើងទាំងអស់គ្នាប្រាកដជាគិតថា ក្រុមហ៊ុន Dbrand កំពុងលេងជាមួយនឹងភ្លើងហើយដោយការយកការចម្លងរចនាបទ Design មួយនេះ ប៉ុន្តែបើយោងតាមអ្វីដែលក្រុមហ៊ុន Dbrand បានសរសេរនៅលើគេហទំព័ររបស់ពួកគេបានបង្ហាញថា “អ្នកប្រាកដជាគិតថាយើងជាចោរ ប៉ុន្តែនេះមិនមែនជាការលួចនោះទេ យើងគ្រាន់តែចម្លងតាមការរចនាមួយនេះប៉ុណ្ណោះ ដែលវាមិនមែនជារឿងដែលខុសច្បាប់នោះទេ”។


ការធ្វើដូចនេះមិនមែនជារឿងអ្វីដែលប្លែកសម្រាប់ក្រុមហ៊ុនមួយនេះនោះទេ ដោយនៅឆ្នាំមុន ក្រុមហ៊ុន Dbrand បានបញ្ឈប់ការលក់ម៉ាសុីនហ្គេម PlayStation 5 Custom បន្ទាប់ពីក្រុមហ៊ុន Sony បានចេញលិខិតស្នើសុំឱ្យបញ្ឈប់ ប៉ុន្តែបន្ទាប់ពីបញ្ឈប់មិនបានប៉ុន្មានថ្ងៃ ក្រុមហ៊ុនមួយនេះ បានប្រកាសពីការរចនាថ្មី ដែលខ្លួនហៅថា “Darkplates” ហើយក្រុមហ៊ុន Sony មិនបានធ្វើការប្តឹងផ្តល់ទៅលើរឿងនេះនោះទេ។


អ្នកអាចធ្វើការបញ្ជាទិញការរចនាស្បែក ឬ ស្រោមទូរស័ព្ទ Something Skins បាននៅក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Dbrand (តំណភ្ជាប់មួយនេះ) ដែលមានតម្លៃ $24.95៕


ប្រភព៖ Engadget

Post a Comment

To Top