ក្រុមហេគឃ័របានអះអាងថា ពួកគេបានលួចទិន្នន័យរបស់ប៉ូលីស ដែលពាក់ព័ន្ធទៅនឹងពលរដ្ឋចិនរាប់ពាន់លាននាក់

ហេគឃ័រ ឬ ក្រុមរបស់ពួកគេ បានធ្វើការអះអាងថា ពួកគេបានធ្វើការលួចទិន្នន័យរបស់ពលរដ្ឋចិនរាប់ពាន់លាននាក់ ពីមូលដ្ឋាន Database របស់ប៉ូលីសនៅក្នុងទីក្រុងសៀងហៃ។


បើយោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ពួកហេគឃ័រមានគម្រោងនៅក្នុងការដាក់លក់ទិន្នន័យទំហំ 23 តេរ៉ាបៃដែលពួកគេលួចបាននៅក្នុងតម្លៃ 10 កាក់ Bitcoin ដែលស្មើទៅនឹង $202 158 ជាតម្លៃនៅអំឡុងពេលសរសេរនូវអត្ថបទមួយនេះ (តម្លៃកាក់ Bitcoin ឬ ប្រភេទកាក់ Crypto តែងតែមានការផ្លាស់ប្តូរជារៀងរាល់ពេល)។


ទិន្នន័យដែលក្រុមហេគឃ័រលួចបានរួមមានឈ្មោះ អាស័យដ្ឋាន ទីកន្លែងកំណើត ឬ ស្រុកកំណើត អត្តសញ្ញាណប័ណ្ណជាតិ និងលេខទូរស័ព្ទ។ បើយោងតាមរបាយការណ៍ពីសារព័ត៌មាន The Wall Street Journal បានឱ្យដឹងថា ពួកហេគឃ័របានបញ្ចេញនូវទិន្នន័យគម្រូមួយ ដែលបង្ហាញពីរបាយការណ៍ឧក្រិដ្ឋកម្មដែលមានតាំងពីឆ្នាំ 1995 ។


យ៉ាងណាម៉ិញ មិនទាន់មានប្រភពណាមួយបានបញ្ជាក់ច្បាស់ថាក្រុមហេគឃ័រនេះបានធ្វើការលួចទិន្នន័យដោយវិធីណានោះទេ ប៉ុន្តែមានមតិមួយចំនួនបានគិតថា ពួកគេអាចចូលលួចយកទិន្នន័យទាំងអស់នោះបានតាមរយៈក្រុមហ៊ុន Alibaba ដោយ Cloud Computing ដែលមានឈ្មោះថា Aliyun។


បើទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានជាក់លាក់នៅតែមិនទាន់មានការបញ្ជាក់ ប៉ុន្តែក្រុមអ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតបានហៅវាថាជាការរំលោភលើសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិន៕


ប្រភព៖ Engadget

Post a Comment

To Top