មកទល់ពេលនេះ ហ្គេម Blackout Challenge នៅក្នុងកម្មវិធី TikTok បានសម្លាប់កុមារ 7 នាក់ហើយ

ក្រុមហ៊ុន TikTok កំពុងប្រឈមមុខទៅនឹងបណ្តឹងជាច្រើនពីសំណាក់អាណាព្យាបាលដោយថាកូនៗរបស់ពួកគេបានស្លាប់ដោយការព្យាយាមច្របាច់ក ដែលស្ថិតនៅក្នុងកម្មវិធីហ្គេម Blackout Challenge នៅក្នុងកម្មវិធី TikTok ដែលពួកគេបានឃើញជាវីដេអូរបស់អ្នកប្រើប្រាស់ផ្សេងទៀតចូលរួមលេងហ្គេមមួយនេះ។


បណ្តឹងនេះ ត្រូវបានចាប់ផ្តើមប្តឹងចាប់តាំងពីខែមិថុនា ដោយបានធ្វើការចោទប្រកាន់ថា យ៉ាងហោចណាស់មានកុមារចំនួន 7 នាក់បានស្លាប់កាលពីឆ្នាំមុន បន្ទាប់ពីពួកគេចូលរួមលេងនូវ Challenge មួយនេះ។


គួរបញ្ជាក់ផងដែរថា កម្មវិធីហ្គេម Blackout Challenge នេះ បានជំរុញឱ្យអ្នកប្រើប្រាស់វាត់ខ្លួនឯងជាមួយនឹងខ្សែក្រវាត់ ខ្សែក្របូប ឬ  វត្ថុអ្វីដែលស្រដៀងទៅនឹងវត្ថុទាំងពីរនេះ រហូតដល់ពួកគេសន្លប់ ឬ Blackout។ កុមារទាំងអស់ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់នៅក្នុងការលេង Challenge មួយនេះ សឹតសឹងតែមានអាយុក្រោយ 15 ឆ្នាំទាំងអស់។


ពាក្យបណ្តឹងថ្មីៗចុងក្រោយបំផុត ត្រូវបានប្តឹងដោយអាណាព្យាបាលរបស់កុមារឈ្មោះ Lalani Walton ដែលមានអាយុប្រាំបីឆ្នាំ និង Arriani Arroyo ដែលមានអាយុប្រាំបួនឆ្នាំ។


បន្ថែមពីលើកុមារដែលរងគ្រោះទាំងពីរនាក់ខាងលើ មានកុមារចំនួនប្រាំនាក់ផ្សេងទៀតបានស្លាប់នៅក្នុងការលេង Blackout Challenge នេះផងដែរ ដែលមានដូចជា៖

• កុមារអាយុ 10 ឆ្នាំនៅក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងខែមករា ឆ្នាំ 2021

• កុមារអាយុ 12 ឆ្នាំនៅរដ្ឋ Colorado ដែលត្រូវបានគេរាយការណ៍ថាបានស្លាប់នៅខែមីនា ឆ្នាំ 2021

• កុមារអាយុ 14 ឆ្នាំនៅប្រទេសអូស្ត្រាលី ដែលត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងខែមិថុនា ឆ្នាំ 2021

• កុមារអាយុ 12 ឆ្នាំនៅអូក្លាហូម៉ា ដែលត្រូវបានគេរាយការណ៍ថាបានស្លាប់នៅខែកក្កដា ឆ្នាំ 2021

• កុមារអាយុ 10 ឆ្នាំនៅ Pennsylvania ដែលត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងខែធ្នូ ឆ្នាំ2021៕


ប្រភព៖ The Verge

Post a Comment

To Top