ក្រុមហ៊ុន Telegram នឹងចាប់ផ្តើមគម្រោង Premium ឆាប់ៗនេះ ជាមួយនឹងតម្លៃ $4.99 ក្នុងមួយខែ

Telegram គឺជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយក្នុងចំណោមកម្មវិធីផ្ញើសារផ្សេងទៀត ហើយវាក៏តែងតែទទួលបានការអាប់ដេតជាទៀងទាត់ជាមួយនឹងមុខងារថ្មីៗផងដែរ។ កម្មវិធីផ្ញើសារដែលផ្តោតសំខាន់ទៅលើភាពឯកជននេះ ឥឡូវនេះ កំពុងធ្វើការទៅលើគម្រោងបង់ប្រាក់ដែលឱ្យឈ្មោះថា “Telegram Premium”។


មិនដូចទៅនឹងកម្មវិធីបណ្តាញសង្គមរបស់ក្រុមហ៊ុន Meta នោះទេ កម្មវិធី Telegram គឺអាចប្រើប្រាស់បានដោយឥតគិតថ្លៃទាំងស្រុងតែម្តង។ កម្មវិធី Telegram មិនអាចរកប្រាក់ចំណូលបានផ្ទាល់នោះទេ ដោយក្រុមហ៊ុនព្យាយាមស្វែងរកការឧបត្ថម្ភពីខាងក្រៅ ជៀសជាងការដាក់ពាណិជ្ជកម្មនៅក្នុងកម្មវិធីរបស់ខ្លួន។


ត្រលប់ទៅឆ្នាំ២០២១ វិញ លោក Pavel Durov ដែលជាស្ថាបនិកនៃកម្មវិធីផ្ញើសារ Telegram បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងតែព្យាយាមស្វែងរកវិធីនៅក្នុងការដាក់ផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) នៅក្នុងការបង្ហោះ ក្នុងឆាណែលសាធារណៈ។


បើយោងតាមក្រុមហ៊ុន Telegram ផ្ទាល់បានឱ្យដឹងថា ការផ្សាយពាណិជ្ជកម្មសាកល្បងរបស់ពួកគេ ត្រូវបានដាក់បញ្ចូលនៅក្នុងការបង្ហោះតូចៗជាមួយនឹងការកំណត់ទួអក្សរ 160 តួប៉ុណ្ណោះ។


ត្រលប់មកកាន់ប្រធានបទរបស់យើងវិញ ដូចដែលអ្នកធ្លាប់បានដឹងពីព័ត៌មានលេចលឺក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ថាក្រុមហ៊ុន Telegram កំពុងគិតគូរក្នុងការនាំយកគម្រោង Premium មកកាន់កម្មវិធីរបស់ខ្លួន (ដើម្បីអានអត្ថបទទាក់ទង សូមចុចលើ តំណភ្ជាប់ទី១ និង ទី២នេះ)។ ហើយឥឡូវនេះ យើងទទួលបាននូវព័ត៌មានបន្ថែមទៀតថា គម្រោង Premium ប្រចាំខែរបស់ក្រុមហ៊ុន Telegram អាចនឹងមានតម្លៃ $4.99/ខែ។


អត្ថប្រយោជន៍ដែលអ្នកអាចនឹងទទួលបាននៅពេលភ្ជាប់គម្រោង Premium របស់កម្មវិធី Telegram មានដូចជា៖

_ បង្កើនការប្រើប្រាស់លើមុខមួយចំនួនទ្វេដង

_ បង្កើនទំហំ Upload ឡើងដល់ 4 GB

_ មានល្បឿនទាញយកលឿន

_ ទទួលបាននូវមុខងារនិយាយសម្លេងទៅជាអក្សរ

_ គ្មានការផ្សាយពាណិជ្ជកម្ម

_ មុខងារ Reaction ពិសេស

_ ស្ទីកឃ័រ Premium

_ ការគ្រប់គ្រងពិសេសលើឆាត

_ ស្លាកសញ្ញារូប Profile

_ រូបដំណាងដែលមានចលនា

_ រូបដំណាង Icon ពិសេសបន្ថែម។


ក្រុមហ៊ុន Telegram បាននឹងកំពុងដាក់ឱ្យដំណើរការគម្រោង Premium នេះនៅក្នុងជំនាន់សាកល្បងសម្រាប់ទូរស័ព្ទដៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជាបណ្តើរៗហើយ ប៉ុន្តែពុំទាន់បើកដំណើរនូវគម្រោងគិតប្រាក់នៅឡើយនោះទេ៕


ប្រភព៖ BLEEPINGCOMPUTER

Post a Comment

To Top