ទូរស័ព្ទដែលអាចបត់បាន Samsung Galaxy Z Flip4 អាចនឹងមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យ 512GB
ក្រុមហ៊ុន Samsung កំពុងរៀបចំដាក់បញ្ចេញទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មី Samsung Galaxy Z Flip4 របស់ខ្លួននារដូវក្តៅនេះ ហើយនាពេលថ្មីៗនេះ យើងទទួលបានព័ត៌មានទាក់ទងទៅនឹងលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទមួយនេះ តួយ៉ាងដូចជាការបំពាក់មកជាមួយបន្ទះឈីប Snapdragon 8+ Gen 1 ជាដើម។
ព័ត៌មានលម្អិតចុងក្រោយដែលយើងទទួលបានពី SamMobile បានបញ្ជាក់ថា ទូរស័ព្ទដែលមានអេក្រង់អាចបត់បាននេះនឹងមានជម្រើសអង្គផ្ទុកទិន្នន័យរហូតដល់ 512GB។
នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Samsung ផ្តល់ជម្រើសអង្គផ្ទុកទិន្នន័យធំសម្រាប់ទូរស័ព្ទ Clamshell នេះ ដោយបីម៉ូដែលមុន មានត្រឹមតែទំហំ 256GB ប៉ុណ្ណោះ។
ប្រភពដដែលនេះក៏បានបញ្ជាក់ផងដែរថា ទូរស័ព្ទមួយនេះនឹងមិននាំមកជាមួយរន្ធបន្ថែម microSD នោះទេ។ តម្លៃរបស់ទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Flip4 អាចនឹងចាប់ផ្តើមពីតម្លៃ $999 រហូតដល់ $1,100៕
ប្រភព៖ GSMArena

Post a Comment