ទូរស័ព្ទ Redmi K50 Ultra នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8+ Gen 1
ទូរស័ព្ទត្រកូល Redmi K50 កំពុងទទួលបានសមាជិក Redmi K50 Ultra បន្ថែមមួយម៉ូដែលទៀតហើយ។ បើយោងតាមការបញ្ជាក់ពី Digital Chat Station ដែលជាប្រភពចែកចេញព័ត៌មានលេចធ្លាយដែលគួរឱ្យទុកចិត្តមួយបានឱ្យដឹងថា ទូរស័ព្ទស៊េរីថ្មីនេះ នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8+Gen 1។
ចំពោះលក្ខណៈសម្បត្តិបន្ថែមទៀត ទូរស័ព្ទ Redmi K50 Ultra នៅតែរក្សានូវលក្ខណៈសម្បត្តិមួយចំនួនរបស់ម៉ូដែល Pro ដដែល ដែលមានដូចជាបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 100W+ ប៉ុន្តែមានទំហំកាមេរ៉ា 50 មេហ្កាភិចស៊ែលដែលតូចជាងម៉ូដែល Pro និងម៉ូដែល K50 ធម្មតា។
ទូរស័ព្ទ Redmi K50 Ultra នឹងក្លាយជាទូរស័ព្ទមួយនៅក្នុងចំណោមទូរស័ព្ទផ្សេងទៀតរបស់ក្រុមហ៊ុន Xiaomi ដែលចេញនៅក្នុងពាក់កណ្តាលទីពីរនៃឆ្នាំនេះ។ ទូរស័ព្ទនេះដែរនឹងប្រើប្រាស់ជាមួយប្រភេទបន្ទះអេក្រង់ OLED ដែលមានល្បឿនអូសប៉ះបញ្ជាអេក្រង់ 120Hz និងមានកម្រិតបង្ហាញភាពច្បាស់ Full HD+។
កាមេរ៉ាមុខរបស់ទូរស័ព្ទ Redmi K50 Ultra នឹងប្រើប្រាស់ការរចនាបែបទម្លុះអេក្រង់ ដែលមានលក្ខណៈតូច និងស្អាតជាងការរចនាបែបឆក ឬ តំណក់ទឹក។
សម្រាប់កម្លាំងថាមពលថ្មវិញ ទូរស័ព្ទ Redmi K50 Ultra អាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មចន្លោះពី 4,800 mAh ដល់ 5,000 mAh ហើយចំពោះការសាកថ្មបញ្ចូលទឹកវិញ វាអាចនឹងគាំទ្រការសាករហូតដល់ទៅល្បឿន 120W ដែលជាបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរបស់ក្រុមហ៊ុន Xiaomi ផ្ទាល់តែម្តង៕
ប្រភព៖ GSMArena

Post a Comment