ទូរស័ព្ទ OnePlus 10T 5G អាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8+ Gen 1

កាលពីសប្តាហ៍មុន អ្នកចែកចាយព័ត៌មានបែកធ្លាយអំពីស្មាតហ្វូនលោក Max J បានសរសេរថា ក្រុមហ៊ុន OnePlus នៅសល់ស្មាតហ្វូនតែមួយទៀតប៉ុណ្ណោះសម្រាប់បញ្ចេញនៅឆ្នាំនេះ ដែលជាទូរស័ព្ទត្រកូល OnePlus 10T 5G (ដែលមានកូដឈ្មោះ “Ovaltine”)។

ការពិតទៅ ក្រុមហ៊ុន OnePlus បានបញ្ចេញទូរស័ព្ទត្រកូល OnePlus 10 Pro នៅក្នុងខែមករារួចមកហើយ ប៉ុន្តែវាមានតែមួយម៉ូដែលប៉ុណ្ណោះ ដោយមិនមានម៉ូដែល Ultra ឬ ម៉ូដែលវ៉ានីឡានោះទេ។ ទូរស័ព្ទ OnePlus 10T អាចនឹងគ្រងម៉ូដែលវ៉ានីឡា ដោយសារតែវាមានទំហំអេក្រង់តូចជាងម៉ូដែល Pro។


បើយោងតាមការលេចធ្លាយមួយទៀត ដែលមានប្រភពចេញពីលោក Abhishek Yadav បានឱ្យដឹងថា សម្រាប់ទូរស័ព្ទម៉ូដែល T នឹងធ្វើការអាប់ដេតលើបន្ទះឈីបថ្មី ដោយអាចនឹងប្រើប្រាស់ជាមួយបន្ទះឈីប Snapdragon 8+ Gen 1។ 

បន្ថែមពីនេះ ក៏មានពាក្យចចាមអារ៉ាមលេចលឺមកថា ទូរស័ព្ទត្រកូល Ultra អាចនឹងបំពាក់មកជាមួយបន្ទះឈីប 8+ ផងដែរ ប៉ុន្តែយើងមិនប្រាកដទេថាតើម៉ូដែលនេះ អាចនឹងមាន ឬ ក៏អត់។


ក្រុមហ៊ុនផលិតបន្ទះឈីបទូរស័ព្ទនាំមុខគេ Qualcomm បានប្រកាសពីបន្ទះឈីបថ្មីរបស់ខ្លួន និងបញ្ជីឈ្មោះក្រុមហ៊ុនផលិតទូរស័ព្ទដែលកំពុងផលិតស្មាតហ្វូនដែលនឹងបំពាក់មកជាមួយបន្ទះឈីប 8+ Gen 1 សម្រាប់ត្រីមាសទី ៣ នេះ (កំឡុងខែកក្កដា ដល់ខែកញ្ញា) ហើយក្នុងនោះក៏មានក្រុមហ៊ុន OnePlus ផងដែរ។


ទូរស័ព្ទ OnePlus 10T ក៏ត្រូវបានគេរំពឹងថាអាចនឹងនាំមកជាមួយមុខងារសាកថ្មល្បឿនលឿនកម្លាំង 150W និងបំពាក់មកជាមួយកញ្ចប់កាមេរ៉ាធំជាងម៉ូដែលមុនផងដែរ៕


ប្រភព៖ GSMArena

Post a Comment

To Top