Instagram បានចាប់ផ្តើមបញ្ចេញមុខងារផ្តល់ដំណឹង AMBER ដែលជួយផ្តល់ដំណឹងពីកុមារដែលបានបាត់ខ្លួន

នៅថ្ងៃពុធម្សិលមិញនេះ ក្រុមហ៊ុន Meta បានប្រកាសថាខ្លួនបានដាក់ដំណើរការមុខងារជូនដំណឹង AMBER (ដែលជាមុខងារជូនដំណឹងពីកុមារដែលបានបាត់ខ្លួននៅក្នុងតំបន់) សម្រាប់កម្មវិធី Instagram នៅក្នុងប្រទេសជាង 25 រួចហើយ។

ក្រុមហ៊ុន Meta បាននិយាយថា មុខងារជូនដំណឹង AMBER បានជួយដល់អាជ្ញាធរដើម្បីស្វែងរកកុមាររាប់រយនាក់ដែលបានបាត់ខ្លួន ចាប់តាំងពីមុខងារមួយនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងកម្មវិធី Facebook ក្នុងឆ្នាំ 2015។

មុខងារដាស់តឿន ឬ ជូនដំណឹង AMBER សម្រាប់កម្មវិធី Instagram ត្រូវបានបង្កើតឡើងជាមួយនឹងការសហការពីអង្គការផ្សេងៗរួមមាន: មជ្ឈមណ្ឌលជាតិសម្រាប់ការបាត់ខ្លួន និងកេងប្រវ័ញ្ចលើកុមារ (NCMEC) នៅក្នុងសហរដ្ឋអាមេរិក, មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការបាត់ខ្លួន និងការកេងប្រវ័ញ្ចលើកុមារ, ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិនៅសហរដ្ឋអាមេរិក, ការិយាល័យអគ្គមេធាវីនៅមុិកសុិក និងទីភ្នាក់ងារប៉ូលីសនៃសហព័ន្ធអូស្រ្តាលី។


មុខងារជូនដំណឹង AMBER កំពុងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ដោយនឹងមកដល់ប្រទេសទាំង 25 នៅក្នុងរយៈពេលពីរ ឬ បីសប្តាហ៍ខាងមុខនេះ ដែលរួមមានប្រទេសអាហ្សង់ទីន, អូស្ត្រាលី, បែលហ្ស៊ិក, ប៊ុលហ្គារី, កាណាដា, អេក្វាឌ័រ, ក្រិក, ហ្គាតេម៉ាឡា, អៀរឡង់, ហ្សាម៉ាអ៊ីក, កូរ៉េ, លីទុយអានី, លុចសំបួ, ម៉ាឡេស៊ី, ម៉ាល់តា, ម៉ិកស៊ិក, ហូឡង់, នូវែលសេឡង់, រូម៉ានី, អាហ្រ្វិកខាងត្បូង, តៃវ៉ាន់, អ៊ុយក្រែន, ចក្រភពអង់គ្លេស, អារ៉ាប់រួម និងសហរដ្ឋអាមេរិក៕


ប្រភព៖ GSMArena

Post a Comment

To Top