Google បានប្រកាសថា ខ្លួនបានដាក់កម្មវិធី Meet និង Duo បញ្ចូលគ្នាហើយ

អស់រយៈពេលមួយរយៈមកហើយ ចាប់តាំងពីក្រុមហ៊ុន Google បានធ្វើកំណែទម្រង់កម្មវិធីផ្ញើសាររបស់ខ្លួនចុងក្រោយបង្អស់ រហូតដល់មានការគិតថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះ បានបោះបង់ចោលនូវសេវាកម្ម និងកម្មវិធីផ្ញើសាររបស់ពួកគេទៅហើយ។

នៅថ្ងៃនេះ ក្រុមហ៊ុន Google បានប្រកាសថាខ្លួនកំពុងដាក់បញ្ចូលកម្មវិធី Meet និងកម្មវិធី Duo បញ្ចូលគ្នា ដោយកម្មវិធីទាំងពីរសឹតសឹងតែជាកម្មវិធីប្រើសម្រាប់ធ្វើការហៅវីដេអូខលដូចគ្នា ហើយក្រុមហ៊ុនធ្វើដូច្នេះក៏ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងកម្មវិធី FaceTime របស់ក្រុមហ៊ុន Apple ផងដែរ។


ក្រុមហ៊ុន Google នឹងធ្វើការដាក់បញ្ចូលនូវមុខងាររបស់កម្មវិធី Meet ទាំងអស់ចូលទៅក្នុងកម្មវិធី Duo ហើយនៅចុងឆ្នាំនេះ កម្មវិធី Duo នឹងត្រូវបានផ្លាស់ប្ដូរឈ្មោះទៅកម្មវិធី Google Meet វិញ ហើយកម្មវិធី Google Meet នេះដែរនឹងក្លាយជាកម្មវិធីហៅវីដេអូខលតែមួយគត់របស់ក្រុមហ៊ុន Google។

ការដាក់បញ្ចូលគ្នារវាងកម្មវិធី Duo និងកម្មវិធី Meet នេះនឹងនៅតែបន្តរក្សាទុកនូវមុខងារហៅវីដេអូខលមួយចំនួនដែលមាននៅក្នុងកម្មវិធី Duo ដដែល បើទោះបីជាស្ថិតនៅក្រោមឈ្មោះថ្មីក៏ដោយ ដោយប្រវត្តិនៃការធ្លាប់ធ្វើការសន្ទនា ឈ្មោះទំនាក់ទំនង និងការផ្ញើសារនឹងនៅតែរក្សានូវការប្រើប្រាស់ដដែល។


មុខងារថ្មីដែលនឹងនាំមកជាមួយនឹងការផ្លាស់ប្តូរនេះមានដូចជា មុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរផ្ទាំង Virtual ផ្ទៃខាងក្រោយនៅពេលកំពុងខល, ចែករំលែកមាតិកា (Content), មុខងារ Real-time close captions និងអនុញ្ញាតឱ្យមានការចូលរួមការខលរហូតដល់ទៅ 100 នាក់៕


ប្រភព៖ GSMArena

Post a Comment

To Top