ទូរស័ព្ទ Coolpad Cool 20s នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 700 គួបផ្សំជាមួយនឹងតម្លៃទាប
ក្រុមហ៊ុនផលិតស្មាតហ្វូន Coolpad ទើបតែដាក់បង្ហាញទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួន ដែលក្រុមហ៊ុនឱ្យឈ្មោះថា Cool 20s ដែលទូរស័ព្ទមួយនេះ បំពាក់មកជាមួយកាមេរ៉ាពីរគ្រប់, បច្ចេកវិទ្យា 5G, កម្លាំងថាមពលថ្មធំ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន។
ទូរស័ព្ទ Coolpad Cool 20s នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 700 គួបផ្សំជាមួយនឹងអង្គផ្ទុកទិន្នន័យទំហំ 128GB ដែលមានជម្រើសរ៉េមបីជម្រើសដូចជា រ៉េម 4GB, 6GB និង 8GB ដោយអាចពង្រីកបន្ថែមបានរហូតដល់ទៅ 5GB បន្ថែមទៀត (តាមរយៈមុខងារ Ram Expandable)។
ចំពោះផ្នែកអេក្រង់វិញ Cool 20s នឹងប្រើប្រាស់ជាមួយប្រភេទអេក្រង់ LCD ទំហំ 6.58អុីង ជាមួយនឹងការរចនាកាមេរ៉ាបែបដំណក់ទឹក និងមានកម្រិតបង្ហាញ Full HD+។ អេក្រង់ LCD នេះទៀតសោត ក៏នាំមកជាមួយបច្ចេកវិទ្យាអូសបញ្ជាអេក្រង់ Refresh Rate 90 Hz ផងដែរ។
សម្រាប់ផ្នែកកាមេរ៉ាពីរគ្រាប់ខាងក្រោយ កាមេរ៉ាគោលមានទំហំ 50 មេហ្កាភិចស៊ែល និងមួយគ្រាប់ទៀតជាកាមេរ៉ាម៉ាក្រូ (ប្រើសម្រាប់ថតវត្ថុជិត) ដែលមានទំហំ 2 មេហ្កាភិចស៊ែល។ រីឯកាមេរ៉ាខាងមុខមួយគ្រាប់ដែលមានការរចនាបែបដំណក់ទឹក មានទំហំ 8 មេហ្កាភិចស៊ែល។
ទូរស័ព្ទមួយនេះ នឹងដំណើរការលើផ្ទៃប្រើប្រាស់ CoolOS 2.0 នៅលើប្រព័ន្ធប្រតិបត្តិការ Android 11។ ចំពោះកម្លាំងថាមពលថ្មវិញ ទូរស័ព្ទ Coolpad Cool 20s បំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4,500 mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 18W។ សម្រាប់អ្នកប្រើប្រាស់ដែលទិញនៅក្នុងប្រទេសចិន នឹងទទួលបានឆ្នាំងសាកចេញពីប្រអប់ផ្ទាល់តែម្តង។
ចូលមកកាន់តម្លៃខ្លួនវិញ ក្រុមហ៊ុន Coolpad បានដាក់លក់ទូរស័ព្ទ Coolpad Cool 20s ចាប់ពីតម្លៃ CNY999 ដែលស្មើនឹង $150 ឡើងទៅ៕
ប្រភព៖ GSMArena


Post a Comment