តារាហូលីវូដ Chris Evans បាននិយាយលាទៅកាន់ទូរស័ព្ទ iPhone 6S ជាទីស្រឡាញ់របស់លោក ជាមួយនឹងប៊ូតុង Home របស់វា

អ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានីមួយៗ មានរបៀបប្រើប្រាស់ខុសៗគ្នា បើទោះបីជានៅក្នុងយុគសម័យដែលមានអេក្រង់ធំ គួបផ្សំជាមួយនឹងមុខងារទំនើបយ៉ាងណាក្តី បើទូរស័ព្ទ ឬ ឧបករណ៍របស់ពួកគេមិនខូចទេនោះ ពួកគេនឹងមិនធ្វើការផ្លាស់ប្តូរថ្មីឡើយ។

តួយ៉ាងដូចជាតារាសម្តែងហូលីវូដ Chris Evans អញ្ចឹងដែរ ដោយលោកបានបង្ហោះនៅក្នុងគណនី Instagram ផ្លូវការរបស់លោកថា លោកមិនទាន់ត្រៀមខ្លួននៅក្នុងការចែកផ្លូវគ្នាជាមួយនឹងទូរស័ព្ទ iPhone 6S ជាទីស្រឡាញ់របស់លោក ដែលផលិតនៅឆ្នាំ២០១៥ នៅឡើយនោះទេ។

លោក Evans បានសរសេរនៅក្នុងការបង្ហោះនៅលើកម្មវិធី Instagram ថា “ខ្ញុំនឹងនឹកប៊ូតុង Home របស់អ្នក។ ខ្ញុំនឹងនឹកពេលដែលព្យាយាមសាកថ្មអ្នកនៅពេលយប់ ជាមួយនឹងការធ្លាក់ចុះភាគរយថ្មមួយរំពេចពី 100% ទៅ 15% និងរលត់ទូរស័ព្ទទាំងស្រុងត្រឹមរយៈពេលប៉ុន្មាននាទី”។ បន្ថែមពីនេះលោកបានបញ្ចប់ការបង្ហោះនោះជាមួយនឹងឃ្លាថា “It was a wild ride. Rest easy, pal”។


ទូរស័ព្ទថ្មីដែលត្រូវបានថតជាមួយគ្នានឹងទូរស័ព្ទ iPhone 6S ដែរនោះ ទំនងជាទូរស័ព្ទ iPhone 13 mini ដោយសារតែវាមានទំហំអេក្រង់ប្រហាក់ប្រហែលគ្នាទៅនឹងទូរស័ព្ទ iPhone 6S៕


ប្រភព៖ GSMArena

Post a Comment

To Top