មុខងារបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla កំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ទាប់ពីជួបគ្រោះថ្នាក់ដែលសម្លាប់មនុស្សរហូតដល់ទៅ 3 នាក់

នាពេលថ្មីៗនេះ រថយន្តអគ្គិសនី Tesla Model S បានជួបទៅនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន 3 នាក់ ដែលបង្ករឲ្យមានការស៊ើបអង្កេតទៅលើមុខងារបើកបរដោយស្វ័យប្រវត្តិ Autopilot របស់ក្រុមហ៊ុន Tesla នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) កំពុងបើកការស៊ើបអង្កេតទៅលើបញ្ហាមួយនេះ ដោយបានបន្ថែមជាមួយនឹងការពិនិត្យសើរើឡើងវិញ ចំពោះឧប្បត្តិហេតុជាង 30 ទៀត ដែលជាប់ពាក់ព័ន្ធជាមួយនឹងមុខងារបើកបរដោយស្វ័យប្រវត្តិ Autopilot របស់ក្រុមហ៊ុន Tesla។


ឧបទ្ទវហេតុដែលបណ្តាលឱ្យស្លាប់មនុស្ស 3 នាក់នេះ កើតឡើងនៅថ្ងៃទី១២ ខែឧសភា នៅក្នុង Mariners Mile នៃ Newport Beach នេះបើយោងតាមការរាយការណ៍ពី Orange County Register។ រថយន្តអគ្គិសនីនោះដែរ ត្រូវបានគេរាយការណ៍ថា បានបើកបរវាងរបាំងថ្ម ដែលបណ្តាលឱ្យបង្វែរទិសដៅទៅរកការដ្ឋានសំណង់មួយកន្លែង និងបណ្តាលឱ្យស្លាប់មនុស្សចំនួន 3 នាក់។


បន្ថែមពីនេះ កម្មករសំណង់ចំនួន 3 នាក់ទៀតក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំពោះឧបទ្ទវហេតុមួយនេះផងដែរ ប៉ុន្តែមិនបានប៉ះពាល់ដល់អាយុជីវិតនោះទេ។ ទីស្នាក់ការប៉ូលីសបានធ្វើការបដិសេធចំពោះការសម្រេចថាតើមុខងារបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla នេះមានជាប់ពាក់ព័ន្ធ ឬ ក៏អត់៕


ប្រភព៖ Engadget

Post a Comment

To Top