ក្រុមហ៊ុន Telegram នឹងបញ្ចេញគម្រោង Premium ក្នុងពេលឆាប់ៗខាងមុខនេះ
ការរកឃើញថ្មីមួយដោយលោក Alessandro Paluzzi បានឱ្យដឹងថា ក្រុមហ៊ុន Telegram កំពុងតែខិតជិតទៅដល់ការណែនាំពីគម្រោង Premium របស់ខ្លួនហើយ។ ព័ត៌មានមាននេះ ត្រូវបានរកឃើញនៅក្នុងខ្សែទិន្នន័យដែលបង្ហាញពីពាក្យស្វាគមន៍ដែលត្រូវបានផ្លាស់ប្តូរ (Welcome Screen) នៅពេលដែលធ្វើការទាញយក និងដំឡើងកម្មវិធីផ្ញើសារមួយនេះ។
ឥឡូវនេះ អ្នកនឹងឃើញពាក្យថា “Telegram គឺជាកម្មវិធីដែលប្រើប្រាស់ដោយឥតគិតថ្លៃជារៀងរហូត គ្មានការផ្សាយពាណិជ្ជកម្ម ឬ ការទិញកញ្ចប់សេវាកម្ម” ប៉ុន្តែពាក្យទាំងនោះនឹងត្រូវបានជំនួសវិញដោយ “Telegram នឹងផ្តល់ជូននូវអង្គផ្ទុកទិន្នន័យ Cloud ដែលគ្មានដែនកំណត់សម្រាប់ Chats និង Media ផ្សេងៗ”។
ចំណុចគោលសំខាន់ៗដែលបានធ្វើការផ្លាស់ប្តូរខាងលើ បានបង្ហាញយ៉ាងច្បាស់ថាក្រុមហ៊ុន Telegram កំពុងធ្វើការទៅលើគម្រោង Premium របស់ខ្លួនហើយ ហើយគម្រោងមួយនេះអាចនឹងបញ្ចេញជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។
អ្នកអភិវឌ្ឍន៍មួយចំនួនក៏បានបំភ្លឺខ្លះៗអំពីគម្រោង Premium របស់ក្រុមហ៊ុន Telegram ផងដែរ ដោយគម្រោងមួយនេះនឹងផ្តល់ជូនដល់គណនាដែលបង់ប្រាក់ជាមួយនឹងស្ទីគ័រ និង Reaction ផ្តាច់មុខ។ បើទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានបន្ថែមទាក់ទងទៅនឹងគម្រោង Premium កំពុងស្ថិតនៅក្នុងភាពអាថ៌កំបាំងដដែល ប៉ុន្តែយើងអាចដឹងបានថា វានឹងអនុវត្តឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ GSMArena

Post a Comment