ក្រុមហ៊ុន Samsung អាចនឹងកាត់បន្ថយការផលិតស្មាតហ្វូនចំនួន 30 លានគ្រឿង
បើយោងតាមរបាយការណ៍ថ្មីមួយដែលត្រូវបានបោះពុម្ពផ្សាយដោយសារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung នឹងធ្វើការផលិតស្មាតហ្វូនរបស់ខ្លួនមានចំនួនតិចជាង 30 លានគ្រឿងនៅក្នុងឆ្នាំ២០២២ នេះ។
កត្តាដែលធ្វើឱ្យកាត់បន្ថយចំនួនផលិតនេះមានដូចជា កង្វះគ្រឿងបន្លាស់ ការកើនឡើងនៃចំនួនអតិផរណា និងការចំណាយ គួបផ្សំជាមួយនឹងសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនជាដើម។ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថាអាចនឹងកែប្រែការផលិតទាំងអស់ ដោយតម្រូវឱ្យស្របតាមចំនួនកញ្ចប់ថវិកាដែលខ្លួនមាន ចាប់ពីទូរស័ព្ទកម្រិតទាបរហូតដល់កម្រិតកំពូល។
ដំបូងឡើយ ក្រុមហ៊ុន Samsung គ្រោងនឹងផលិតស្មាតហ្វូនប្រមាណជាជាង 310 លានគ្រឿងសម្រាប់ឆ្នាំ២០២២ នេះ ប៉ុន្តែការអភិវឌ្ឍន៍ចុងក្រោយបង្អស់បានបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េនេះ ត្រឡប់មកធ្វើការផលិត និងបញ្ចេញស្មាតហ្វូនត្រឹម 280 លានគ្រឿងវិញ។
បើទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Samsung នៅតែអាចបំបែកកំណត់ត្រានៃការរកប្រាក់ចំណូលរបស់ខ្លួននៅក្នុងត្រីមាសទី១ ដែលអាចរកបានពីការនាំចេញស្មាតហ្វូនប្រមាណជាជាង 73.7 លានគ្រឿងនៅទូទាំងពិភពលោកដដែល៕
ប្រភព៖ GSMArena

Post a Comment