បែកធ្លាយរូបភាព Render របស់ទូរស័ព្ទ Realme Narzo 50 5G មុនការចេញលក់នៅក្នុងប្រទេសឥណ្ឌា
ក្រុមហ៊ុន Realme កំពុងតែមានភាពមមាញឹកនៅក្នុងការបន្ថែមទូរស័ព្ទមួយម៉ូដែលទៀតចូលទៅក្នុងត្រកូល Narzo 50។ ឥឡូវនេះ ទូរស័ព្ទដែលប្រើប្រាស់ឈ្មោះ Narzo 50 មានដូចជា Narzo 50A, Narzo 50A Prime, Narzo 50i និង Narzo 50 5G ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ។
នៅថ្ងៃនេះ យើងក៏ទទួលបាននូវរូបភាព Render បែកធ្លាយរបស់ទូរស័ព្ទ Realme Narzo 50 5G ផងដែរ ដោយបើយោងតាមរូបភាព Render បានបង្ហាញឱ្យយើងឃើញថា ទូរស័ព្ទមួយនេះ បំពាក់មកជាមួយនឹងកាមេរ៉ាក្រោយពីរគ្រាប់ ជាមួយនឹងបន្ទះ Panel ខ្មៅ។ ក្រុមហ៊ុន Realme India ក៏គ្រោងនឹងដាក់ឱ្យសាកល្បងទូរស័ព្ទ Realme Narzo 50 5G មុនពេលចេញលក់ផងដែរ តែយើងគ្រាន់តែមិនប្រាកដថានៅពេលណា។
យ៉ាងណាម៉ិញ ក្រុមហ៊ុន Realme បាននិយាយថា ទូរស័ព្ទមួយនេះ បំពាក់មកជាមួយប្រព័ន្ធដំណើរការ 5G ដែលលឿនបំផុត ជាមួយនឹងបច្ចេកវិទ្យាបន្សាបកម្តៅដែលធ្វើឱ្យត្រជាក់នៅពេលលេងហ្គេម ឬនៅពេលដែលប្រើប្រាស់ច្រើន។ ពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយថា ទូរស័ព្ទ Realme Narzo 50 5G អាចនឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 810 របស់ក្រុមហ៊ុន MediaTek។
បន្ថែមពីនេះ ទូរស័ព្ទ Realme Narzo 50 5G ក៏ត្រូវបានគេនិយាយថានឹងបំពាក់មកជាមួយអេក្រង់ AMOLED ទំហំ 6.58អុីង ដែលមានកម្រិតបង្ហាញ FHD+ និងមានល្បឿនអូសបញ្ជាអេក្រង់ 90 Hz ផងដែរ។ ទូរស័ព្ទត្រកូល Narzo 50 5G នេះនឹងមកជាមួយរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128GB និងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4,800 mAh ដែលអាចគាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W។
ទូរស័ព្ទ Realme Narzo 50 5G នឹងដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 12 នៅលើផ្ទៃប្រើប្រាស់ Realme UI 3.0 ចេញពីប្រអប់ ដោយក្នុងនោះក៏មាននូវមុខងារបន្ថែមរ៉េម (Virtual RAM Expansion) ផងដែរ៕
ប្រភព៖ GSMArena



Post a Comment