ទូរស័ព្ទ Realme 9 និង 9 5G នឹងមកដល់តំបន់អឺរ៉ុប ជាមួយនឹងថេប្លេត Pad Mini
ក្រុមហ៊ុន Realme បានប្រកាសចេញពីទូរស័ព្ទត្រកូល Realme 9 របស់ខ្លួនចំនួនពីរម៉ូដែល ដែលមានម៉ូដែល Realme 9 ធម្មតា និង Realme 9 5G។ ទូរស័ព្ទ Realme 9 គឺជាទូរស័ព្ទដែលធ្លាប់ចេញលក់នៅក្នុងប្រទេសឥណ្ឌា ដូចនេះចំពោះលក្ខណៈសម្បត្តិរបស់វាក៏ពុំមានការផ្លាស់ប្តូរដែរ។
ទូរស័ព្ទ Realme 9 ម៉ូដែលធម្មតា បំពាក់មកជាមួយនឹងអេក្រង់ AMOLED ទំហំ 6.4អុីង ដែលមានល្បឿនអូសបញ្ជាអេក្រង់ 90Hz។ ទូរស័ព្ទមួយនេះប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 680 និងមានកាមេរ៉ាទំហំ 108 មេហ្កាភិចស៊ែល។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Realme ក៏នឹងនាំយកទូរស័ព្ទ ឬ ជាថេប្លេត Pad Mini មកអមជាមួយផងដែរ ដែលទូរស័ព្ទ ឬ ថេប្លេតមួយនេះបំពាក់មកជាមួយអេក្រង់ LCD ទំហំ 8.7អុីង និងប្រើប្រាស់ជាមួយនឹងបន្ទះឈីបប្រភេទ Unisoc T616។ ទូរស័ព្ទកូនកាត់ថេប្លេតនេះ បំពាក់មកជាមួយកម្លាំងថាមពលថ្ម 6,400 mAh។
ចំពោះតំបន់នៃសហភាពអឺរ៉ុប ក្រុមហ៊ុន Realme បាននាំយកទូរស័ព្ទ Realme 9 5G ដែលបំពាក់មកជាមួយបន្ទះឈីប Snapdragon 695 របស់ក្រុមហ៊ុន Qualcomm ជំនួសឲ្យបន្ទះឈីប Dimensity 810 ដែលធ្លាប់បានប្រើនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា។ ទូរស័ព្ទ Realme 9 5G បំពាក់មកជាមួយអេក្រង់ LCD ទំហំ 6.6អុីង និងមានល្បឿនអូសបញ្ជាអេក្រង់រហូតដល់ទៅ 120Hz។
ចំពោះផ្នែកកាមេរ៉ាខាងក្រោយវិញ ទូរស័ព្ទ Realme 9 5G បំពាក់មកជាមួយកាមេរ៉ាគោលទំហំ 50 មេហ្កាភិចស៊ែល និងកាមេរ៉ាទំហំ 2 មេហ្កាភិចស៊ែល ដែលជាកាមេរ៉ាប្រើថតព្រាលផ្ទៃខាងក្រោយ និងសម្រាប់ថតវត្ថុជិត។
លក្ខណៈសម្បត្តិបន្ថែមទៀតរបស់ទូរស័ព្ទមួយនេះ គឺវាបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000 mAh និងអាចសាកបញ្ចូលថ្មវិញបានក្នុងកម្លាំង 18W។ បន្ថែមពីនេះ ទូរស័ព្ទ Realme 9 5G ក៏នឹងដំណើរការមកជាមួយប្រព័ន្ធប្រតិបត្តិការ Android 12 ចេញពីប្រអប់ នៅលើផ្ទៃប្រើប្រាស់ Realme UI 3.0 ផងដែរ។ ចំពោះប្រព័ន្ធសុវត្ថិភាព ទូរស័ព្ទមួយនេះ ប្រើប្រាស់នូវមុខងារស្កេនស្នាមក្រយៅដៃនៅផ្នែកខាងកៀននៃទូរស័ព្ទ (side-mounted fingerprint)៕
ប្រភព៖ GSMArena



Post a Comment