កំព្យូទ័រយួរដៃ Razer new Blade 15 ថ្មីនឹងបំពាក់មកជាមួយអេក្រង់ OLED 240Hz និង CPU Intel ជំនាន់ទី 12
ក្រុមហ៊ុន Razer បានប្រកាសចេញកុំព្យូទ័រយួរដៃ new Blade 15 ថ្មីរបស់ខ្លួន ដែលជាកំព្យូទ័រយួរដៃដំបូងបង្អស់នៅក្នុងសកលលោក ដែលបំពាក់មកជាមួយអេក្រង់ OLED 240Hz។ ក្រុមហ៊ុនផលិតកំព្យូទ័រ Gaming នេះក៏បានធ្វើការផ្លាស់ប្តូរទៅលើការបំពាក់បន្ទះ CPU សម្រាប់កុំព្យូទ័រយួរដៃរបស់ខ្លួនផងដែរ ដោយម៉ូដែលមួយនេះ បំពាក់មកជាមួយ CPU Intel Core i9-12900H ជំនាន់ទី 12។
បន្ទះអេក្រង់របស់កំព្យូទ័រយួរដៃ new Blade 15 មកជាមួយការបង្ហាញកម្រិតភាពច្បាស់ QHD និងមានល្បឿនអត្រាតប (Response Rate) 1ms។ អេក្រង់មួយនេះ មានបំពាក់មកជាមួយបច្ចេកវិទ្យាបង្ហាញទឹកពណ៌ DCI-P3 color gamut 100% និងមានកម្រាស់ពន្លឺ 400 nits។ ចូលមកកាន់ផ្នែកខាងក្នុងកាន់តែជ្រៅ កំព្យូទ័រយួរដៃ Razer new Blade បំពាក់មកជាមួយបន្ទះ GPU Nvidia RTX 3070 Ti និងមានរ៉េមទំហំ 32GB ជាប្រភេទ DDR5 និង SSD ទំហំ 1TB។
ក្រុមហ៊ុន Razer ក៏បានរក្សាទុកនូវប្រព័ន្ធបន្សាបកម្តៅ Ultra-efficient vapor chamber cooling ដែលដូចទៅនឹងម៉ូដែល Core i7 ដែរ។ បន្ថែមពីនេះ ដោយសារតែអ្នកលេងហ្គេមចូលចិត្តភ្លើង RGB ដូចនេះក្រុមហ៊ុន Razer បាននាំយកវាមកបំពាក់នៅលើកំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួនដដែល។
បើយោងតាមលក្ខណៈសម្បត្តិខាងលើរបស់កំព្យូទ័រយួរដៃ new Blade 15 វាពិតជាមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់សម្រាប់ការលេងហ្គេម និងធ្វើការងារមួយចំនួនបានដោយងាយស្រួល ប៉ុន្តែជាមួយនឹងភាពងាយស្រួលនេះដែរ វាមានតម្លៃខ្លួន $ 3,499.99៕
ប្រភព៖ GSMArena


Post a Comment