ទូរស័ព្ទដែលមានតម្លៃកម្រិតមធ្យម Poco M4 5G នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 700 SoC និងអេក្រង់ 90Hz
ក្រុមហ៊ុន Poco ដែលជាប់ខ្សែស្រឡាយជាមួយនឹងក្រុមហ៊ុន Xiaomi បានបញ្ចេញទូរស័ព្ទ Poco M4 Pro 5G នៅខែវិច្ឆិកានាឆ្នាំមុន ជាមួយនឹងបន្ទះឈីប Dimensity 810 SoC ហើយថ្ងៃនេះ ក្រុមហ៊ុន Poco បានប្រកាសចេញនូវទូរស័ព្ទ Poco M4 5G មួយម៉ូដែលទៀតដែលបំពាក់មកជាមួយបន្ទះឈីប Dimensity 700 និងជាម៉ូដែលដែលមានតម្លៃសមរម្យជាងម៉ូដែល Pro។
ទូរស័ព្ទ Poco M4 5G ដំណើរការមកជាមួយប្រព័ន្ធប្រតិបត្តិការ Android 12 នៅលើផ្ទៃប្រើប្រាស់ MIUI 13 និងមកជាមួយជម្រើសកម្លាំងម៉ាសុីនចំនួនពីរប្រភេទ ដែលមួយមានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 64GB និងមួយជម្រើសទៀតមានរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128GB។ ទូរស័ព្ទមួយនេះក៏មកជាមួយរន្ធសម្រាប់ដាក់បន្ថែម microSD ដែលអាចគាំទ្របានរហូតដល់ទៅទំហំ 512GB ផងដែរ។
ដូចដែលបានបង្ហាញពីខាងលើ ទូរស័ព្ទ Poco M4 5G ដំណើរការនៅលើបន្ទះឈីប Dimensity 700 និងបំពាក់មកជាមួយនឹងអេក្រង់ LCD ដែលមានទំហំ 6.58អុីង ដែលមានកម្រិតបង្ហាញ FullHD+ បូករួមជាមួយនឹងល្បឿនអូសបញ្ជាអេក្រង់ 90Hz។ បន្ទះអេក្រង់ LCD នេះក៏ក្រាលមកបន្ថែមជាមួយអាវក្រោះការពារ Gorilla Glass 3 និងមានកាមេរ៉ាតំណក់ទឹកទំហំមួយគ្រាប់ទំហំ 8 មេហ្កាភិចស៊ែល។
បែមកខ្នងខាងក្រោយ យើងឃើញមានកាមេរ៉ាពីរគ្រាប់ ដែលមួយគ្រាប់គឺជាកាមេរ៉ាគោល ដែលមានទំហំ 50 មេហ្កាភិចស៊ែល និងចំណែកឯមួយគ្រាប់ទៀតគឺជាកាមេរ៉ា Depth ប្រើសម្រាប់ថតរូបភាពព្រាលផ្ទៃខាងក្រោយ ដែលមានទំហំ 2 មេហ្កាភិចស៊ែល។
ទូរស័ព្ទ Poco M4 5G នឹងប្រើប្រាស់ជាមួយការដោះសោរដោយការស្កេនស្នាមក្រយៅដៃនៅផ្នែកចំហៀងជាមួយនឹងប៊ូតុងចាក់សោរ។ ទូរស័ព្ទមួយនេះក៏នៅតែបន្តបំពាក់រន្ធដោតកាស 3.5mm ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យាសម្លេង Hi-res audio, អាវក្រោះការពារពីការជ្រាបទឹក IP52 Rating និងប្រើប្រាស់រន្ធសាកថ្ម USB-C ផងដែរ។
ចំពោះកម្លាំងថាមពលថ្មវិញ ទូរស័ព្ទមូយនេះបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000 mAh ដែលអាចសាកបញ្ចូលទឹកវិញបាននៅក្នុងកម្លាំង 18W តាមរយៈខ្សែសាក និងកម្លាំង 5W តាមរយៈការសាកដោយមិនប្រើខ្សែ។
ក្រុមហ៊ុន Poco ដាក់លក់ទូរស័ព្ទ Poco M4 5G ជាមួយនឹងជម្រើសពណ៌ចំនួនបី និងបានបែងចែកតម្លៃទៅតាមជម្រើសកម្លាំងម៉ាសុីន ដោយសម្រាប់ម៉ូដែលដែលមានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 64GB មានតម្លៃ INR12,999 ($170) និងសម្រាប់ម៉ូដែលដែលមានរ៉េម 6GB និងអង្គផ្ទុកទិន្នន័យ 128GB មានតម្លៃ INR14,999 ($195)៕
ប្រភព៖ GSMArena




Post a Comment