NFTs នឹងមកដល់កម្មវិធី Instagram ក្នុងសប្តាហ៍នេះ

ដូចដែលបានសន្យាកាលពីខែមីនា កន្លងទៅ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង) NFTs នឹងកាន់តែខិតជិតមកដល់កម្មវិធី Instagram មែនទែនហើយ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា ក្រុមហ៊ុននឹងដាក់ឱ្យសាកល្បងនូវមុខងារ non-fungible tokens (NFTs) នៅលើ Profile របស់អ្នកប្រើប្រាស់នាសប្តាហ៍នេះ។

បន្ថែមពីនេះ បើយោងតាមការបង្ហោះរបស់លោក Mark Zuckerberg នៅក្នុងកម្មវិធីបណ្តាញសង្គម Facebook បានឱ្យដឹងថា “យើងកំពុងតែបង្កើត ក៏ដូចជាធ្វើការជាមួយនឹង NFTs ដោយមិនត្រឹមតែនៅក្នុងពិភពពិតនិម្មិត Metaverse និង Reality Labs របស់យើងប៉ុណ្ណោះនោះទេ ដោយវាក៏នឹងគ្រប់ដណ្តប់ទៅលើកម្មវិធីទាំងអស់របស់យើងផងដែរ”។


លោក Mark Zuckerberg បានបន្ថែមថា “យើងកំពុងតែសាកល្បងការប្រមូលប្រភេទ Digital Collectibles នៅក្នុងកម្មវិធី Instagram ដូចនេះអ្នកបង្កើត (Creators) និងអ្នកប្រមូល (Collectors) អាចដាក់បង្ហាញសមិទ្ធផល ឬស្នាដៃ NFTs របស់ពួកគេបាន”។

បើយោងតាមការបង្ហើបខាងលើមានន័យថា NFTs នឹងមិនមានសម្រាប់តែនៅក្នុងកម្មវិធី Instagram ប៉ុណ្ណោះទេ ដោយនាថ្ងៃមុខ NFTs នឹងមានលើគ្រប់កម្មវិធីទាំងអស់របស់ក្រុមហ៊ុន Meta ប៉ុន្តែនាពេលឥឡូវនេះ យើងអាចធ្វើការតេស្តសាកល្បងនូវមុខងារថ្មីនេះបាននៅក្នុងកម្មវិធី Instagram ដែលក្រុមហ៊ុន Meta នឹងបញ្ចេញវានាសប្តាហ៍នេះ៕


ប្រភព÷ Engadget

Post a Comment

To Top