ទូរស័ព្ទ iPhone 15 ដែលនឹងចេញនៅឆ្នាំ២០២៣ អាចនឹងប្រើប្រាស់រន្ធសាកថ្មប្រភេទ USB-C

បើយោងតាមការវិភាគរបស់លោក Ming-Chi Kuo បានឱ្យដឹងថា ទូរស័ព្ទ iPhone 15 នឹងប្រើប្រាស់ជាមួយរន្ធសាកថ្ម USB-C ជំនួសឱ្យរន្ធសាកថ្មកេរ្តិ៍ដំណែលរបស់ក្រុមហ៊ុន Apple គឺរន្ធ Lightning។

ពាក្យចចាមអារ៉ាមដែលថាក្រុមហ៊ុន Apple នឹងប្តូរមកប្រើប្រាស់រន្ធសាកថ្មសកល USB-C ដូចគេដូចឯងនេះត្រូវបានលេចលឺសឹងតែជារឿងរាល់ឆ្នាំទៅហើយ ក៏ប៉ុន្តែក្រុមហ៊ុន Apple នៅតែមិនបោះបង់ចោលនូវរន្ធសាកថ្មដែលផលិតចេញពីផ្ទះរបស់ខ្លួនមួយនេះឡើយ។


បើសិនជាការអះអាងរបស់លោក Ming-Chi Kuo ពិតជាត្រឹមត្រូវមែននោះទូរស័ព្ទត្រកូល iPhone 14 នឹងក្លាយជាទូរស័ព្ទចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple ដែលប្រើប្រាស់ជាមួយរន្ធសាកថ្ម Lightning។ 


យ៉ាងណាម៉ិញ ក្រុមហ៊ុន Apple បានងាកទៅប្រើប្រាស់រន្ធ USB-C ចំពោះឧបករណ៍របស់ខ្លួនមួយចំនួនហើយ ដោយលើកលែងតែកាសឥតខ្សែ AirPods, ថេប្លេត iPad កម្រិតដំបូង និងទូរស័ព្ទត្រកូល iPhone ប៉ុណ្ណោះ ដែលនៅបន្តប្រើប្រាស់រន្ធ Lightning នៅឡើយ។


អត្ថប្រយោជន៍នៃរន្ធ USB-C នោះគឺអាចអនុញ្ញាតឱ្យទូរស័ព្ទ ឬ ឧបករណ៍ដែលប្រើប្រាស់ជាមួយនឹងប្រភេទរន្ធមួយនេះបញ្ចូលថ្មបានលឿន ហើយវាមានតម្លៃធូរថ្លៃជាងប្រភេទឌុយ Lightning៕


ប្រភព៖ GSMArena

Post a Comment

To Top